សម្តេចប្រធានគណបក្ស ៖ បើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដើរហួសពីបន្ទាត់នយោបាយបក្ស កូនបង្កើតខ្លួនឯង ក៏ដកតំណែងដែរ
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្តឆ្លើយតបទៅនឹងការរិះគន់ទាក់ទងនឹងឥទ្ធិពលរបស់សម្តេចទៅលើសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាឥទ្ធិពលគណបក្សប្រជាជនកម្ពុជា ទៅលើមេដឹកជំនាន់ថ្មី ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានគណបក្ស សម្តេចបើកសិទ្ធិពេញទីសម្រាប់ការងារដឹកនាំ របស់គណៈរដ្ឋមន្ត្រីថ្មី តែប្រសិនបើនាយករដ្ឋមន្ត្រីដឹកនាំប្រទេស ដើរហួសពីបន្ទាត់នយោបាយគណបក្ស កូនបង្កើតខ្លួនឯងក៏ដកតំណែងដែរ ។ សម្ដេចតេជោបន្តថា កុំថាឡើយប្រព័ន្ធបោះឆ្នោតសមាមាត្រ សូម្បីតែប្រព័ន្ធឯកត្តនាម ដូចជាករណីកូរ៉េខាងត្បូង ការដើរចេញពីបន្ទាត់នយោបាយគណបក្សដែលឈានដល់ប្រធានាធិបតី ប្រកាសច្បាប់អាជ្ញាធរសឹក ក៏គណបក្សខ្លួនឯងបោះឆ្នោតទម្លាក់ប្រធានាធិបតីនោះដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសណាក៏ដោយ ក៏មានគណបក្សដែរ ប៉ុន្តែមិនអាចជ្រៀតជ្រែកទៅលើកិច្ចការរបស់រដ្ឋាភិបាលក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សទេ។ នេះជាចំណេះដឹងពីរដ្ឋបាលសាធារណៈ ដែលសម្ដេចតេជោបង្រៀនទៅកាន់ជនបរទេសខ្លះសម្រាប់ការសរសេរ កុំឱ្យអ្នកទាំងនោះចេះតែសរសេរពាសណាពាសណី ។
មិនអាចទៅរួចឡើយ ដែលជនបរទេសខាងក្រៅខ្លះចង់ឱ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាត់ផ្ដាច់ចេញពីសម្ដេច ដែលជាឪពុក ឬគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់លើការប៉ុនប៉ងបែបនេះថា គណបក្សជាអ្នកអនុម័តគោលនយោបាយ ហើយរាជរដ្ឋាភិបាលត្រូវតែយកគោលនយោបាយទៅអនុវត្តតាម។សម្ដេចតេជោ ក៏បានព្រមានដែរថា ចំពោះធ្វើសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់បក្ស ។
សម្ដេចតេជោបានចង្អុលទៅរកការសរសេររបស់ជនបរទេស និងក្រុមអ្នកសរសេរនៅក្រៅស្រុកមួយចំនួន តែងលើកឡើងនូវពាក្យពេចន៍មិនគប្បីចំពោះអ្នកបន្តវេទជំនាន់ថ្មី ដែលសំដៅដល់សម្ដចបវរធិបតី ហ៊ុន ម៉ាណែត ថា តែងដើរតាមស្រមោលរបស់ឪពុក ។ សម្ដេច បានចាត់ទុកការសរសេរ និងអត្ថាធិប្បាយរបស់អ្នកសរសេរនៅក្រៅស្រុកគឺជាការបង្ហាញពីភាពល្ងង់ខ្លៅរបស់ខ្លួន ហើយសម្ដេច ក៏បានណែនាំទៅអ្នកទាំងនោះ ត្រូវសិក្សាពីប្រព័ន្ធបោះឆ្នោតឱ្យបានច្បាស់ ។
សម្តេចតេជោ ហ៊ុន សែន បានប្រើពាក្យថា «No Way» (គ្មានផ្លូវទេ) ទៅកាន់ជនបរទេសមួយក្ដាប់ដែលនិយមនិយាយពាក្យ «តើនៅពីក្រោយហ៊ុន សែន ជាអ្នកណា» និងពាក្យ «កាលណាហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក ឬក្រុមបន្តវេន ពេលណាដើរចេញពីបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជា» ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-52-51-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-52-52-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-52-53-1024x682.jpg)
ដោយ៖វណ្ណលុក