សម្ដេចតេជោ ហ៊ុន សែន មិននិយាយអីទេ ករណីរឿងចារកម្ម

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជុំវិញករណីដែលបុគ្គលមួយចំនួន បានប្រកាសខ្លួនថា ជាអ្នកចារកម្មរបស់សម្ដេចតេជោ និងកំពុងស្ថិតនៅក្រៅប្រទេស សម្ដេចបានបញ្ជាក់ថា សម្ដេចមិននិយាយអ្វីទាំងអស់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចុងក្រោយនេះ គឺវិបត្តិចារកម្ម ខ្ញុំព្រះករុណាខ្ញុំ មិននិយាយអីទេ គ្មានការចាំបាច់ណាមួយឱ្យយើងយកអំបិល ទឹកត្រី ប៊ីចឹង ទៅចាក់លើសម្លផ្អូម ដែលគេចាក់ចោលហើយនោះ ឬក៏និយាយមួយបែបទៀតគ្មានការចាំបាច់ណាមួយដើម្បីហ្នឹងរកថ្នាំពេទ្យ ឬរកឧបករណ៍សង្គ្រោះបន្ទាន់សម្រាប់សាកសព ដែលគេយកទៅកប់ហើយនោះ និយាយប៉ុណ្ណឹងអាចដឹងហើយ។ យូរៗវាតាំងខ្លួនជាចារកម្ម ឯងក៏និយាយថា គ្រាន់តែជាអ្នកពិគ្រោះយោបល់។ កុំឌឺ ឌឺយ៉ាងមិចក៏ទៅមិនរួចដែរ ត្រូវនឹង ត្រូវស្ដាប់ ពេលណាសភាពការណ៍កំពុងតែជ្រួលត្រូវនៅឱ្យស្ងៀម នៅឱ្យរឹង អាហ្នឹងបានគេហៅអ្នកនយោបាយ ។

សូមជម្រាបថា នាពេលថ្មីៗនេះ មានការបែកធ្លាយសារជាសំឡេងរវាងសម្ដេចតេជោ ជាមួយលោក សេង សារី នាំឱ្យមានការវែកញែកគ្នារក្នុងកិច្ចសម្ភាសន៍អាស៊ីសេរី ដែលមានលោក ជុន ច័ន្ទបុត្រ បានហៅលោក សេង សារី ថា ជា «ចារកម្ម» របស់សម្ដេចតេជោ ហ៊ុន សែន, ប៉ុន្តែលោក សេង សារី បានការពារខ្លួនថា រូបលោក គឺជាអ្នកដែលបានធ្លាក់ចូលក្នុងអន្ទាក់ចារកម្ម របស់សម្ដេចតេជោ ហ៊ុន សែន អស់រយៈពេល៤ឆ្នាំមកហើយ។

ភ្លាមៗសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ខ្ញុំមិនដែលចាត់ទុក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយ តែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner