កម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ ឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត

(ហ្វីលីពីន)៖ ថ្នាក់ដឹកនាំកម្ពុជា-ហ្វីលីពីន​ នឹងបន្តជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់​ និងរឹងមាំបន្ថែមទៀត ។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តមប្រធានាធិបតីបាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចបវរធិបតី និងគណៈប្រតិភូកម្ពុជា​ ដែលបាន​អញ្ជេីញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅសាធារណរដ្ឋ​ហ្វីលីពីន។

សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ ឯកឧត្តម​ប្រធានាធិបតី​យ៉ាងជ្រាលជ្រៅ​ ដែលបានផ្តល់នូវការស្វាគមន៍​ និង​បដិសណ្ឋារកិច្ចយ៉ាង​កក់ក្តៅ​ជូនចំពោះសម្តេច​ និង​គណៈប្រតិភូ​ នាពេលនេះ ។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពី ការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ពិភាក្សាលើការលើកកម្ពស់​ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម,​ វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,​បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។

ថ្នាក់​ដឹកនាំ​ទាំងពីរ​ ក៏បានពិភាក្សា​អំពីការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់, និងអន្តរជាតិផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner