ឯកឧត្តម ឌិត ទីណា ៖ ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ ក្នុងវិស័យកសិកម្ម
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ មានការគិតគូរផ្អែកលើភាពពិតប្រាកដ ចូលរួមការងារសង្គម និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង ជាជាងការផ្តល់ព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានផលប៉ះពាល់ជាច្រើនក្នុងសង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។
ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វើជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនើប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វើការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី បានតម្រង់ទិសលើមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ដូចនេះ ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំសិក្សា២០២៤ – ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាពក្នុងវិស័យកសិកម្ម និងសូមជូនពរដល់អង្គពិធី ទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព ៕
ប្រភព ៖ ក្រសួងកសិកម្ម







