ក្រសួងសុខាភិបាល ចេញសេក្តីប្រកាសពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ២ឆ្នាំ ៧ខែ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តី ប្រកាសជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារឪពុកម្តាយទើបតែបាន នាំកុមារមកដល់មន្ទីរពេទ្យ បណ្តាលឱ្យកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដក ដង្ហើមធ្ងន់ធ្ងរ។
តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ ប្រហែល ១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេក និងលេងនៅក្រោមផ្ទះជិតទ្រុងមាន់ ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើ យុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ


