ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថា នឹងចុះបញ្ជីដីធ្លី ជូនកងទ័ពដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ព ដោយបានស្នើសុំអោយអង្គភាពកងទ័ពបន្ថែមនូវការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ត្រីនិងដាំបន្លែ ដំណាំសម្រាប់ទុកជាស្បៀងអាហារផ្គត់ផ្គង់ដល់កងទ័ពផងដែរ ។
នេះជាការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការងារអាទិភាពដែលក្រសួងកំពុងអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ ការរៀបចំសម្បទានដីសង្គមកិច្ច ការរៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋានជាដើម ។ ការចុះបញ្ជីដីធ្លីបង្ហើយនេះគឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូចជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្ដល់យោបល់ជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ។
ចំពោះគោលនយោបាយសម្បទានដីសង្គមកិច្ច ឯកឧត្តមមានបំណងចង់ឱ្យមានការផ្ដល់ដីដល់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាកខ្វះខាតពិតប្រាកដ ដើម្បីឲ្យពួកគាត់មានដីសម្រាប់រស់នៅនិងបង្កបង្កើនផលបង្កើនជីវភាពគ្រួសារ ។
ឯកឧត្តមអគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានពិចារណាគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា និងគ្រួសារក្រីក្រតាមរយៈការផ្ដល់ដីសម្បទានសង្គមកិច្ចនេះផងដែរ ៕





ដោយ / គ្រី សម្បត្តិ