ចិនប្តេជ្ញាសងសឹកសង្គ្រាមពន្ធលោក Trump
ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃពុធ បានប្រកាសនឹងចាត់វិធានការចាំបាច់នានា ការពារផលប្រយោជន៍របស់ខ្លួន សងសឹកនឹងការដាក់ពន្ធថ្មីនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំនួន ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកកាសែតថា ចិនតែងតែជឿថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធគយនោះទេ។
លោកស្រី Mao បានគូសបញ្ជាក់ថា សកម្មភាពនៃរដ្ឋបាលលោក ត្រាំ កំពុងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ហើយធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ដូច្នេះប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងឡាយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ការដំឡើងពន្ធ ២៥ភាគរយរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម បានចូលជាធរមានកាលពីថ្ងៃពុធ ដែលនាំឲ្យផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា