ក្នុងជំនួបជាមួយទូតរុស្ស៊ី សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ
(ភ្នំពេញ)៖ ខណៈអនុញាតិឱ្យឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ៗ ព្រោះមានតែការចរចាតែប៉ុណ្ណោះ ដែលអាចបញ្ចប់សង្គ្រាមបាន ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានគូសរំលេចអំពីទំនាក់ទំនងប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង ហើយជាទំនាក់ទំនងដែលទុកចិត្តគ្នា។ ឯកឧត្តមបានរំលេចទៀតថា ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នាឆ្នាំ២០២៦ខាងមុខ ប្រទេសទាំងពីរ ជាពិសេស ប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការងារជាមួយភាគីកម្ពុជា ក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈទំនាក់ទំនងល្អនេះ មិនត្រឹមតែនីតិប្រតិបត្តិទេ នីតិបញ្ញត្តិរវាងប្រទេសទាំងពីរ ក៏មានភាពល្អផងដែរ ដោយឯកឧត្តមវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភារុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ដែលធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។
ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកាន់អំណាចនៃប្រទេសរុស្សី ផងដែរ ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងបក្ស និងបក្ស ។ ឯកឧត្តមក៏បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ២៩លានដុល្លារ ។
ឯកឧត្តមក៏បានរំលេចអំពីអ្វីដែលរុស្ស៊ី ធ្លាប់ជួយដល់កម្ពុជា លើវិស័យអប់រំ ដោយក្រោយពីរបបប្រល័យពូជសាសន៍មក រុស្ស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសរុស្សីជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង ៨ពាន់នាក់ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ ហើយនៅខួបទី៧០ឆ្នាំខាងមុខនេះ វិស័យនីតិបញ្ញត្តិ ក៏ត្រៀមរៀបចំធ្វើជាមួយគ្នាផងដែរ ។ ជាមួយគ្នានោះ យើងក៏មានវិស័យយោធា ព្រមទាំងវិស័យដទៃទៀត ដែលរុស្ស៊ី កំពុងខិតខំប្រឹងប្រែងធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងពីស្ថានភាពតំបន់ បញ្ហាស្ថានភាពពិភពលោក ជាមួយសម្ដេចតេជោផងដែរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងរុស្សី ហើយសម្ដេចក៏បានអរគុណដែលឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ីបានលើកឡើងអំពីការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែលជារឿងមិនអាចប្រកែកបាននូវគុណតម្លៃរបស់រុស្ស៊ី តាំងពីនៅជាអតីតសហភាពសូវៀត ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឱ្យក្លាយជាមូលធនមនុស្ស ដែលបានបម្រើការងារក្នុងស្ថាប័នសំខាន់ៗ នៅពេលបច្ចុប្បន្ន ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា ទំនាក់ទំនងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរ ដែលស្ថាប័នព្រឹទ្ធសភាកម្ពុជា និងសភារុស្ស៊ី ដែលបានខិតខំប្រឹងប្រែងជំរុញឲ្យទំនាក់ទំនងក្នុងស្ថាប័ននេះ មានភាពរីកចម្រើន។
ទាក់ទងទៅនឹងទំនាក់ទំនងបក្សវិញ សម្ដេចតេជោ ក៏បានជំរុញឲ្យមានការភ្ជាប់គណបក្ស នៃប្រទេសទាំងពីរ ហើយសម្ដេចតេជោ ក៏មានបំណងអញ្ជើញឯកឧត្តម ឌីមីទ្រី មេដវេដេវ ដែលជាប្រធានគណបក្សកាន់អំណាចនៅរុស្ស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា តាមពេលវេលាណាមួយខាងមុខ ។
សម្ដេចតេជោ បានមានប្រសាសន៍ពីសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា ដោយសម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងដែរ ដោយបច្ចុប្បន្ននេះ មានតែ ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយ ដោយភាគីទាំងពីរ គួរតែធ្វើការមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ