Zelensky ចង់ដោះដូរដីជាមួយរុស្ស៊ី តាមបំណងរបស់លោក Trump
បរទេស៖ ដើម្បីផ្គាប់ចិត្តលោក Trump ដែលជួយស្វែងរកសន្តិភាព មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បានប្រលយពាក្យសម្តី ចង់ដោះដូរដី ជាមួយរុស្ស៊ី ដើម្បីជាថ្នូរនឹងការដោះលែងអ្នកទោសអាមេរិកម្នាក់ ពីកណ្តាប់ដៃរបស់រុស្ស៊ី។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Zelensky បានផ្តល់កិច្ចសម្ភាសន៍ ដល់កាសែត The Guardian បង្ហាញពីបំណងបែបនេះ តាមការចង់បាន របស់លោក Trump ដោយលោកប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ថា ការដោះដូរដីបែបនេះ ជាកាយវិការសុច្ឆន្ទៈ ក្នុងការបញ្ចប់សង្រ្គាម។
លោកបានទទួលស្គាល់ថា អ៊ុយក្រែននឹងមិនអាចទទួលបានការធានាសន្តិសុខ ដោយគ្រាន់តែមានអឺរ៉ុបជាដៃគូនោះទេ ហើយលោកប្រាប់ទៀតថា ការធានាសុវត្ថិភាព ដោយគ្មានអាមេរិក មិនមែនជាការធានាសុវត្ថិភាពពិតប្រាកដ នោះទេ។
លោក Zelensky បានបន្ថែមទៀតថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើពាណិជ្ជកម្មដីនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដែលអ៊ុយក្រែនដណ្តើមបាន អំឡុងការវាយលុក ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីឆ្នាំមុន។
យ៉ាងណាមិញ កាលពីពេលកន្លងទៅ លោក Zelensky តែងតែបដិសេធ មិនព្រមប្រគល់ទឹកដីណាមួយដើម្បីបញ្ចប់សង្គ្រាម បើទោះបីជា លោក Trump អះអាងថា នេះគឺជាវិធីបញ្ចប់សង្គ្រាមលឿនបំផុត ក៏ដោយ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត