ចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពត មានសមិទ្ធផលថ្មីមួយទៀត គឺសួនបាញ់ទឹកអមដោយចង្វាក់ភ្លេង

កំពត៖ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ការដំឡើងសួនបាញ់​ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ មិនទាន់រួចរាល់​នៅឡើយទេ។ប៉ុន្តែកាលពីថ្ងៃទី១២ ខែមីនា អ្នកបច្ចេកទេសបាន​ធ្វើតេស្តសាកល្បងឃើញថា ពិតជា​ស្រស់ស្អាតគួរជាទីគយគន់​ ។មិនយូរប៉ុន្មានភ្លាមៗក្រោយការធ្វើតេស្តសាកល្បង ទិដ្ឋភាពនៃ​សួនបាញ់ទឹកមួយនេះ ត្រូវបានចែករំលែកតៗគ្នាលើបណ្ដាញ​សង្គមហ្វេសប៊ុក ហើយទទួលបាននូវកោតសរសើរក្រៃលែង។

លោក លាង  រឿនសុធី អភិបាលក្រុងកំពតបានឱ្យដឹងថា  កាលពី​ល្ងាច​ថ្ងៃទី១២ ខែមីនា ក្រុមការងារបច្ចេកទេស​ដំឡើង​សួនបាញ់ទឹក​រេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ បានធ្វើតេស្តសាកល្បង ក្បាលបាញ់ទឹក និងភ្លើងមួយចំនួន ដើម្បីដឹងថា តើវាមានដំណើរ​ការយ៉ា​ងដូចម្ត៉េច?។តាមរយៈការធ្វើតេស្ត ក្រុមការងារបច្ចេកទេស បញ្ជាក់ថា ក្បាលបាញ់ទឹក​មួយចំនួននៅមិនទាន់មានចលនាល្អ​នោះទេ​ក្បាលខ្លះក៏នៅស្ទះទឹក  និងខ្លះទៀតដំណើរការរអាក់រអួលមិនត្រឹម​ត្រូវតាម​មុខងារ។ ខណៈដែលការបញ្ចូលសាច់ភ្លេងក៏នៅមិន​ទាន់បាន​រៀបចំនៅឡើយដែរ។លោកបានបន្តថា តាមការណែនាំរបស់​ឯកឧត្តម​អភិបាលខេត្ត សួនបាញ់ទឹកដ៏ទាក់ទាញមួយនេះ នឹងត្រូវរៀបចំ​កែសម្រួលឱ្យរួចរាល់ នៅចុងខែមីនានេះ។

លោកអភិបាលក្រុងបន្ថែមថា គ្រាន់តែជាការធ្វើតេស្តសាក​ល្បងសួន​បាញ់ទឹកមួយនេះបានទាក់ទាញចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋនៅ​ក្នុងក្រុងកំពត ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញ​ទំនាក់ទំនងសង្គម​យ៉ាងខ្លាំង មានការបង្ហោះ និងចែករំលែក​បន្ត​យ៉ាង​ផុសផុលហើយ​អមដោយសំណេរ ដែលបង្ហាញពីមានមោទកភាព ។ដោយឡែក​សម្រាប់ប្រជាជនខេត្តកំពតវិញ បង្ហាញពីក្តីរីករាយដោយ​ទទួលបាន​សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមិនធ្លាប់មាន ដែលជា​ចំណង​ដៃ​របស់រាជរដ្ឋា​ភិបាល  តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត។

លោកអភិបាលក្រុងបានបង្ហាញនូវក្តីរំពឹងទុកថា សួនបាញ់ទឹក​រេរាំដ៏ធំមួយនេះ ក្រោយពេលដំឡើង និងរៀបចំកែ​សម្រួល​រួចរាល់ នឹងអាចស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើនទ្វេដង។ជាចំណងដៃថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​​ខ្មែរ ដែលនឹងមកដល់នៅពេលឆាប់ៗនេះ ។

សូមរម្លឹកថា  ការដ្ឋានដំឡើងសួនទឹករាំតាមចង្វាក់ភ្លេងអមដោយ​ភ្លើងចម្រុះពណ៌ស្ថិតក្នុងដងព្រែកកំពង់បាយទល់មុខសាលាខេត្ត។ សួននេះបានបើកការដ្ឋានកាលពីថ្ងៃទី១១ ខែកុម្ភ:ឆ្នាំ២០២៥  ហើយបន្ទាប់ពីសួនបាញ់ទឹក​រួចរាល់  រដ្ឋបាល​ខេត្តកំពតនឹងចាប់​ផ្តើមសាងសង់ស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកកំពង់បាយ​មួយ​ខ្សែទៀត ខណ:ដែលឆ្នេរសមុទ្រកម្សាន្តនឹងត្រៀមស្ថាបនាក្នុងពេលបន្ទាប់៕
ដោយ៖ សិលា សារិន

ads banner