រដ្ឋបាលខេត្តសៀមរាបដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីដង្ហែ អបអរសាទរពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំណាត់ថា្នក់លេខ២ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ។ពិធីអបអរសាទរបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ។
លោកស្រី ម៉ននី រងី្ស បានបញ្ជាក់ថា ជោគជ័យដែលយើងទទួលបាននាពេលនេះ គឺពិតជាបាននំាមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនៅខេត្តសៀមរាប ដែលកន្លងមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់និងចាត់ទុកជាវិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជំរុញកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ ឱ្យការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំងបន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និង សមធម៌ជូនប្រជាពលរដ្ឋ ៕
ដោយ៖ប៊ុនរដ្ឋា






