អ្នកនាំពាក្យក្រសួងការងារ ៖ ជនមានពិការភាពទទួលបាននូវ​អត្ថប្រយោជន៍​ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិន​មានការរើសអើង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកខ្ពស់​លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញ​លេ​ញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមាន​ពិការភាពគឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។

នេះជាការលើកឡើងរបស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​​​ជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។

ឯកឧ​ត្តមរដ្ឋលេខា​ធិការ បានគូសបញ្ជាក់ថា គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ​នៃរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិតែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ដើម្បីធ្វើ​ឱ្យ​ជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ។

នៅកម្ពុជាគ្មានឡើយការរើសអើងជនដែលមានពិការភាព ជា​ពិសេសនៅក្នុងវិស័យការងារជនមានពិការភាពត្រូវបានលើកទឹកចិត្ត។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា បើតាម​ច្បាប់​ស្តីពីការងារវិស័យឯកជនត្រូវទទួលជនដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះត្រូវមានចំនួន១% នៃចំនួនកម្មករនិយោជិតសរុប។

បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតមកត្រឹមចុងឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការ​ភាពចូលបម្រើការងារចំនួន ៣ ៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា​និង​ទទួល​បានវិញ្ញាបនបត្រចំនួន ២៨៧ លើការអនុវត្តច្បាប់ស្តីពីកិច្ច​ការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពទូទាំងប្រទេស។ គ្រឹះស្ថានឯកជនទាំងនេះ បានទទួលយកជនមានពិការភាព​ឱ្យចូលបម្រើការងារជាង ៥ ៦០០នាក់ ក្នុងនោះស្ត្រីចំនួនជាង ៣ ៥០០នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន គឺជាការឆ្លើយតប និងអនុវត្តន៍ទៅតាមកម្មវិធីគោល​នយោបាយរ​បស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជន​មាន​ពិការភាពនៅក្នុងវិស័យសាធារណៈ និងឯកជន ។ លើសពី​នេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនគ្រប់រូប រួម​ទាំងជនមានពិការភាព នូវឱកាសរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បីមានចំណេះជំនាញ ច្បាស់លាស់​អាចប្រកប​ការងារ និងមានទំនួលខុសត្រូវលើមុខតួនាទីការងារ​បាន​គឺជា​ចំណុចសំខាន់បំផុត។

ស្របគ្នានេះដែរ ក្រសួងក៏មាន​សាលា​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដែល​ផ្ដល់ឱកាសស្មើភាពគ្នាដល់សាធារណជនទាំងអស់ ដើម្បីមាន​ឱកាសទទួលបានការអប់រំចំណេះជំនាញ បច្ចេកទេស និង​សមត្ថភាពពិតប្រាកដដើម្បីយកទៅធ្វើការងារ ឬបង្កើតមុខរបរ​ដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្ម​ជំនាញ​សម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner