មេដឹកនាំកំពូលអ៊ីរ៉ង់ថាចរចាជាមួយអាមេរិកដំណើរការល្អ
បរទេស ៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បាននិយាយថា ការចរចាជាមួយអាមេរិក បានដំណើរការល្អ ប៉ុន្តែ សង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារ បានសម្តែងការពេញចិត្តចំពោះកិច្ចចរចា នាពេលថ្មីៗនេះ ជាមួយសហរដ្ឋអាមេរិក ដោយបង្ហាញទំនុកចិត្តលើជំហរ របស់សាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែ បានបង្ហាញពីការសង្ស័យលើចេតនា របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump។
ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តី របស់លោក Khamenei ដែលបាននិយាយថា «កិច្ចពិភាក្សានេះ ត្រូវបានអនុវត្តយ៉ាងល្អ នៅក្នុងជំហានដំបូង។ ជាការពិត យើងមានទុទិដ្ឋិនិយម យ៉ាងខ្លាំងចំពោះភាគីម្ខាងទៀត ប៉ុន្តែយើងមានសុទិដ្ឋិនិយមចំពោះសមត្ថភាពផ្ទាល់ខ្លួន របស់យើង» ។
គួរបញ្ជាក់ថា មន្ត្រីអាមេរិកនិងអ៊ីរ៉ង់ ទើបបានជួបជជែកគ្នា អំពីបញ្ហាអាវុធប្រល័យលោក នៅប្រទេសអូម៉ង់ កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ នៅក្នុងប្រទេសអ៊ីតាលី។
ជាការកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅមុនកិច្ចពិភាក្សាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរ នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
