ចម្ការផ្កាស្បៃរឿងរបស់រដ្ឋបាលខេត្តកំពង់ចាម នៅតែទាក់ទាញ​បេះដូងអ្នក​ស្រឡាញ់រូបថត

កំពង់ចាម៖ទោះជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ និងកន្លងផុត​ទៅជាច្រើនថ្ងៃហើយក្តី តែចម្ការផ្កាស្បៃ​រឿងដែលស្ថិតនៅក្បែរស្ពានគីហ្សូណា ជាស្ពានឆ្លងទន្លេមេគង្គដ៏ធំប្រចាំខេត្តកំពង់ចាមនៅទាក់ទាញប្រជា​ពលរដ្ឋ​ក្នុងខេត្ត អ្នក​ទេសចរ​ជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់មិនអាចរំលងហួស ដោយមិនឈប់ផ្តិតយកទិដ្ឋភាពចម្ការបុប្ផាដ៏ធំល្វឹង​ល្វើយ​នេះ​ឡើយ។

ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បី​បង្កើតលំហទេសចរណ៍រូបភាព និងពិសេស​ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ រដ្ឋបាលខេត្តបានរៀបចំសួនចម្ការ​ផ្កាស្បៃរឿងចំនួន ៥ម៉ឺន​ដើម​លើផ្ទៃដីជាង​មួយហិកតានៃសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។សួននេះស្ថិត​នៅមិនឆ្ងាយពីស្ពានគីហ្សូណា ។អ្នកធ្វើដំណើរ​ឆ្លង​កាត់​ស្ពានប្រវែងជាងមួយ​គីឡូម៉ែត្រនេះ នឹងអាចមើលឃើញទិដ្ឋភាពចម្ការផ្កា ដែលប្រៀបបាននឹង​កម្រាលព្រំពណ៌​លឿង​ស្រស់ ជាប់ដងទន្លេមេគង្គ។ជាមួយនឹងបច្ចេកទេសដាំដុះ ផ្កាស្បៃរឿង ក៏បានលូតលាស់ និងបញ្ចេញផ្កាចំពេល​ចូលឆ្នាំថ្មីតែម្តង។

ក្រោមជំនោរខ្យល់រំភើយៗ ដោយនាំមកជាមួយនូវក្លិនប្រហើរនៃផ្កាស្បៃរឿងផង បានទាក់ទាញអារម្មណ៍​អ្នកស្រឡាញ់​ធម្មជាតិ ពិសេសអ្នកថតរូបភាព ឱ្យឈប់ផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយនេះដោយមិនខកខាន។

ទោះជាចម្ការផ្កាជាប់ច្រាំងទន្លេមិនអាចរក្សាបានពេញមួយឆ្នាំដោយសារកម្ពស់ទឹកទន្លេក្តី តែរាល់រដូវទឹកសម្រកសួន​បុប្ផា​មួយនេះតែងតែបង្ហាញវត្តមានជានិច្ច។

លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបាន​ឱ្យរដ្ឋបាល​ក្រុងរៀបចំសួនផ្កាស្បៃរឿងនេះឡើង ដើម្បីបង្កើតបរិស្ថានល្អ បង្កើនសោភណភាព និងដើម្បី​ ទាក់ទាញភ្ញៀវទេសចរ​ជាតិអន្តរជាតិឱ្យនឹកឃើញខេត្តកំពង់ចាមជានិច្ច៕
អត្ថបទនិងរូបភាព៖លី ពៅ

ads banner