រដ្ឋបាលស្រុកព្រះនេត្រព្រះ នឹងមានអគារថ្មី

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យ​បាន​អញ្ជើញចូលរួមរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។ ជាអគារដែលមានលក្ខណៈទំនើបនិងស្តង់ដា។

លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា អគាររដ្ឋបាល​ស្រុកដែលនឹងចាប់ផ្តើមសាងសង់នេះមានទំហំ ៣៦ ម៉ែត្រ គុណនឹង១៤ម៉ែត្រ និងមានកម្ពស់បីជាន់។ជាអគាររដ្ឋបាលទីប្រាំមួយហើយ នៅក្នុងខេត្តបន្ទាយ​មានជ័យ។ ខេត្ត​នៅសល់​​តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបានអគារ​ដ្ឋ​បាលស្តង់ដាបែបនេះពីរាជរដ្ឋាភិបាល​តាមរយៈ​គម្រោងថវិកា​របស់​រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរលោកអភិបាលស្រុកព្រះនេត្រព្រះ បានថ្លែងអំណរគុណ​ទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ ជាពិសេសរដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ជូនអគាររដ្ឋបាលមួយខ្នងនេះ ដើម្បីបម្រើ​សេវាសាធារណៈ​ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង ស្រុក ដែលទទួលបាន​អគាររដ្ឋបាលស្តង់ដាមានចំនួន៦ក្រុង-ស្រុក រួមទាំងអគាររដ្ឋបាលស្រុក​ព្រះនេត្រព្រះ នេះផងដែរ។នៅសល់ក្រុង-ស្រុកចំនួនបីទៀតដែល​ពុំទាន់​ទទួលបានអគាររដ្ឋបាលថ្មី មាន ក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ និងស្រុក​ស្វាយចេក ។រដ្ឋបាលខេត្ត នឹងបន្តសាងសង់ជូនដល់ក្រុង-ស្រុកទាំង៣ នៅឆ្នាំបន្តបន្ទាប់ទៀត៕
ដោយ៖ឃិន គន្ធា

ads banner