Boeing 737 MAX ដែលក្រុមហ៊ុនចិនបញ្ជាទិញត្រូវបញ្ជូនទៅអាមេរិកវិញ ដោយសារសង្គ្រាមពន្ធគយ
បរទេស៖ យន្តហោះ Boeing 737 MAX ដែលត្រូវបានប៉ុនប៉ងដឹកជញ្ជូន ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airlines ប្រើប្រាស់តាមការបញ្ជាទិញ ត្រូវបានបញ្ជាឲ្យហោះត្រលប់ ទៅអាមេរិកវិញ ហើយត្រូវបានចាត់ទុកថា ជាការចាប់ផ្តើមរងគ្រោះ ពីសង្គ្រាមពន្ធ ផ្តើមចេញពីលោក Trump នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN ថ្មីៗនេះ។
យោងតាមសាក្សី ដែលជាភ្នាក់ងាររបស់ Reuters បានឱ្យដឹងថា យន្តហោះ 737 MAX បានប៉ុងប៉ងចុះចត នៅប្រជុំកោះ Zhoushan នៃខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន កាលពីថ្ងៃសៅរ៍ ប៉ុន្តែ បានហោះត្រលប់ក្រោយវិញ នៅកន្លែងផលិតយន្តហោះ Boeing ស្ថិតក្នុងទីក្រុង Seattle នៅល្ងាចថ្ងៃដដែល។ យន្តហោះមួយគ្រឿងនេះ បានឈប់ចាក់សាំង នៅកោះ Guam និង Hawaii ដើម្បីអាចធ្វើដំណើរត្រឡប់វិញ ក្នុងចម្ងាយផ្លូវ ៨,០០០គីឡូម៉ែត្រ។
ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលដែលអាមេរិកនិងចិនបានតំឡើងពន្ធលើទំនិញទៅវិញទៅមក បន្តបន្ទាប់។ ក្រុមហ៊ុនអាកាសចរណ៍ចិនណាដែលទិញ យន្តហោះ Boeing នឹងត្រូវបង់ថ្លៃពន្ធបន្ថែម ហើយសម្រាប់ម៉ូដែលលក់ដាច់បំផុតរបស់ Boeing ប្រភេទនេះ ត្រូវបានគេដឹងថា មានតម្លៃលើទីផ្សារប្រមាណ ៥៥លានដុល្លារអាមេរិក នេះបើតាម ក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ IBA ។
យ៉ាងណាមិញ មិនច្បាស់ទេថា តើភាគីណាមួយ ដែលបានធ្វើការសម្រេចចិត្ត ឱ្យយន្តហោះត្រឡប់ទៅអាមេរិកវិញ។ ទាំង ក្រុមហ៊ុន Boeing និង ក្រុមហ៊ុន Xiamen មិនបានឆ្លើយតបភ្លាមៗ ដើម្បីស្នើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា នៅមានយន្តហោះ 737 MAX ជាច្រើនគ្រឿងទៀត ដែលកំពុងរង់ចាំដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន នៅក្នុងប្រទេសចិន។ អ្នកវិភាគនិយាយថា ភាពច្របូកច្របល់ លើការផ្លាស់ប្តូរពន្ធនេះ បានបង្ខំចិត្តដល់ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ពន្យាពេលការដឹកជញ្ជូនយន្តហោះ ជាជាងការបង់ពន្ធបន្ថែម៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
