វត្តមានរបស់ក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា
(ពោធិ៍សាត់)៖ ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំ រថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមកោតសរសើរ ក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំ របស់សហរដ្ឋអាមេរិក បានផ្តល់ទំនុកចិត្ត ជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម ដំឡើងរថយន្ត និងឈានទៅដាក់ឱ្យដំណើរការ ខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើង គ្រឿងបង្គុំរថយន្ត Ford ដើម្បីចែកចាយនៅលើទីផ្សារ ។
សម្ដេចធីបតី បានចាត់ទុកវត្តមានរបស់ឧស្សាហកម្ម ធុនធ្ងន់ដ៏ទំនើបនេះ ផ្តល់ឱកាសការងារ ប្រាក់បៀវត្សរ៍ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីក ខ្សែច្រវាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor របស់អាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជា ប្រជាជននៅទូទាំងប្រទេស ។
សម្តេចធិបតី បានថ្លែងបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា, ជាពិសេស ចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយ ក្នុងការផ្គត់ផ្គង់ផលិតផល និងសេវា ជូនដល់ ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់អាមេរិក ដែលជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន យោងទៅលើស្ថានភាព នៃការអភិវឌ្ឍ រីកចម្រើន និងកំណើនជីវភាព ជាបន្តបន្ទាប់របស់ ប្រជាពលរដ្ឋកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជួបជាមួយប្រធានក្រុមហ៊ុន RMA តាំងពីនៅជាមេទ័ពជើងគោកម្ល៉េះ។ កាលនោះ សម្តេចបានជួយសម្របសម្រួលលើកិច្ចការមួយចំនួន ដើម្បីឱ្យក្រុមហ៊ុន អាចបើករោងចក្រ ដំឡើងរថយន្តនៅកម្ពុជា ៕




ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ