អាមេរិក និង ឥណ្ឌាចរចាពាណិជ្ជកម្ម មុនរលកពន្ធលោក ត្រាំ លេចឡើង
ញូវដែលី ៖ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance និង នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបពិភាក្សានៅទីក្រុង New Delhi ក្នុងថ្ងៃចន្ទ ដោយភាគីទាំងពីរបានស្វាគមន៍វឌ្ឍនភាពដ៏សំខាន់ សម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអាមេរិក-ឥណ្ឌា។
យោងតាមសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឥណ្ឌា មេដឹកនាំទាំងពីរបានជជែកគ្នាដោយផ្តោតសំខាន់លើពាណិជ្ជកម្ម បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាដើម ស្របពេលដែលលោកប្រធានាធិបតី ត្រាំ ផ្អាកការដាក់ពន្ធខ្ពស់ ៩០ ថ្ងៃសិន។
បន្ថែមលើនេះ ភាគីទាំងពីរក៏មានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី ឥណ្ឌា-អាមេរិកកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ ដូចដែលលោកនាយករដ្ឋមន្រ្តី Modi និងលោកប្រធានាធិបតី Trump បានព្រមព្រៀងក្នុងកំលុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ។
បើតាមកាសែតរ៉យទ័រ រដ្ឋាភិបាលឥណ្ឌាបានបើកចំហរក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលពីអាមេរិកជាងពាក់កណ្តាល ដែលមានតម្លៃសរុប ៤១.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។
បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា អាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៣១ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយនេះ។ ឥណ្ឌានាំចេញទៅអាមេរិកច្រើនជាងការនាំចូល ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មមានជាង ៤១ ពាន់លានដុល្លារ៕


ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា