សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។
សិក្ខាសាលាដែលបានប្រព្រឹត្តទៅកាលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាព ដល់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។
សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបប្រមាណ ៣៥០រូប។
មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវ ទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច។លោកជំទាវទេសាភិបាល បានរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ តាមរយៈការអនុវត្តវិធានការមួយចំនួនរួមមាន៖ ១/-ការងារលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ២/-ការលើកទឹកចិត្តដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ៣/-ការអភិវឌ្ឍប្រព័ន្ធទូទាត់ និង៤/-ការបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្ត្រី។
លោកជំទាវបញ្ជាក់ថា វិធានការទាំងនេះមានគោលដៅលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ក្នុងការទទួលបានហិរញ្ញប្បទាន ក៏ដូចជាការលើកកម្ពស់បរិយាបន្ននិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ការណ៍នេះនឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សំដៅប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។
ចំណែក ឯកឧត្តម ហែម វណ្ណឌី ក្នុងនាមជាស្ថាប័នបង្គោលដែលសម្របសម្រួល និងជំរុញការអនុវត្ដយុទ្ធសាស្រ្ដជាតិនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមអនុវត្តយ៉ាងសកម្មរបស់ធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ពីគោលជំហរ ក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សូមជម្រាបជូនថា នៅចុងឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ សមិទ្ធផលថ្មីនេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី ៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រកាសដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣៕






ដោយ៖មុនី