ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញចូលរួមបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តឥន្ទមុនីវ័ន
កំពង់ចាម ៖ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តឥន្ទមុនីវ័ន ហៅ វត្តស្រែអំពៅ នៃឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងពីស្រុកស្ទឹងត្រង់ ដែលទទួលបាននូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្ររួមមានស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ), ផ្លូវលេខ៧១និងសមិទ្ធផលនានាជាច្រើន ។ជាមួយគ្នានេះផ្នែកពុទ្ធចក្រ ក៏មានការរីកចម្រើនជាខ្លាំងផងដែរ ជាក់ស្តែងព្រះវិហារ និងសមិទ្ធផលនានាក្នុង
វត្តស្រែអំពៅ ដែលបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងនាពេលនេះកសាងដោយថវិកាជាង២៥ម៉ឺនដុល្លារ។
ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា វត្តស្រែអំពៅ ទើបតែបានកកើតឡើងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមើលអំពីការរីកចម្រើន ឃើញថាមានច្រើន ។ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងការអភិវឌ្ឍវត្ត។ សមិទ្ធផលទាំងអស់នេះមិនមែនប្រយោជន៍សម្រាប់តែព្រះសង្ឃនៅក្នុងវត្តប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំទួលសំបួរនេះតែម្ដង ៕
ដោយ៖លី ពៅ










