ទាំងគ្រូ និងសិស្សសិល្បៈបុរាណ រួមគ្នាធ្វើពិធីបុណ្យរំលឹកគុណគ្រូ

បន្ទាយមានជ័យ៖ ទាំងគ្រូ និងសិស្សសិល្បៈបុរាណ រួមគ្នាធ្វើពិធីបុណ្យរំលឹក​គុណ​គ្រូ រួមទាំងព្រឹទ្ធាចារ្យដែល​កំពុងបង្ហាត់ បង្រៀនសិស្សជំនាន់ក្រោយផង ។ពិធីនេះបានប្រព្រឹត្តទៅនៅឃុំបន្ទាយនាង ​ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីដែលប្រារព្ធឡើងកាលពីពេលថ្មីៗនេះ លោក យ៉ង់ តាំងកួយ ប្រធាន​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ពិធី​បុណ្យរំលឹកគុណគ្រូបាធ្យាយនេះ បានរៀបចំឡើងដោយក្រុមសិល្បៈ ឃុំបន្ទាយនាង និងក្រុមរបាំរួមវង់ភ្លេងបុរាណ​ខ្មែរខេត្ត​បន្ទាយមានជ័យ ។ពិធីនេះដើម្បីរំឮកគុណគ្រូដែលបានចែកឋាន និង​កំពុងរស់រានមានជីវិត ។ខ្លះទៀតចាស់​ជរា​ក្នុងនោះ​មានគ្រូភ្លេងពិណពាទ្យ ភ្លេង​ប្រពៃណី គ្រូល្ខោនយីកេ ល្ខោនបាសាក់ អាយ៉ៃ ឆៃយ៉ាំជាដើម ។​

លោកប្រធានមន្ទីរបន្តថា ក្រុមសិល្បៈបុរាណនៅ ឃុំបន្ទាយនាង​ ជាប្រភពដើម​ឬជាគ្រូបណ្ដុះបណ្ដាលវិស័យ​សិល្បៈ​បុរាណ​ដល់សិល្បករ ខេត្តបន្ទាយជ័យ​ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន​បានជា​ច្រើនវង់, ជា​ច្រើនក្រុម ។ក្រុមសិល្បៈបុរាណនៅឃុំបន្ទាយនាង រួមមាន វង់​ភ្លេងប្រពៃណីខ្មែរ វង់ល្ខោនបាសាក់ ល្ខោនយីកេ អាយ៉ៃ ជាដើម ។ក្រុម​សិល្បៈ​បុរាណទាំងអស់នេះធ្លាប់ទទួលបានចំណាត់ថ្នាក់ជាតិទៀតផង៕

ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner