ស្ថានទូតបារាំង ប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រំលឹកថ្ងៃចងចាំទាក់ទងនឹងរបបខ្មែរក្រហម
ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជាច្រើនថ្ងៃក្នុងខែឧសភា រហូតដល់ខែសីហាខាងមុខ ក្នុងនោះមានទាំងការបញ្ចាំងខ្សែភាពយន្តផងទាក់ទងនឹងប្រទេសកម្ពុជាកាលអំឡុងនៅក្រោមរបបខ្មែរក្រហមនាចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។គេអាចចងចាំបានថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមបានទទួលជ័យជម្នះក្នុងការផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ របបកម្ពុជាប្រជាធិបតេយ្យដែលបង្កើតដោយខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទៅក្រុង និងបង្កើតវាលពិឃាតទូទាំងប្រទេស។ក្នុងខែឧសភាខាងមុខនេះដែរ សម្រាប់កម្ពុជានឹងមានព្រឹត្តិការណ៍ជា
ប្រវត្តិសាស្រ្តមួយគឺ “ទិវាជាតិនៃការចងចាំ២០ឧសភា”។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងថ្មីៗនេះបានគូសរំលេចថា កាលពី៥០ឆ្នាំមុន ក្រោយសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយជម្លៀសប្រជាពលរដ្ឋទាំងអស់ចេញពីទីក្រុងនេះ។ ស្ថានទូតបារាំងបានក្លាយជាទីជម្រកសម្រាប់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់។ ក្នុងរយៈពេលជាងពីរសប្តាហ៍ ស្ថានទូតគឺជាកន្លែងហ៊ុមព័ទ្ធមួយដែលមានជោគវាសនាដ៏សោកសង្រេង ជាមួយការចាកចេញរបស់ប្រជាពលរដ្ឋកម្ពុជា និងបន្ទាប់មកការជម្លៀសជនបរទេសទៅកាន់ប្រទេសថៃ។
ស្ថានទូតបារាំងបានបន្ថែមថា ដើម្បីឧទ្ទិសដល់ជនរងគ្រោះ និងដើម្បីរក្សាការចងចាំអំពីព្រឹត្តិការណ៍ទាំងនេះ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍មានដូចជា ចាប់ពីថ្ងៃទី០៦ ខែឧសភា៖ ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហម¬ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹងបង្ហាញពីព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារ បណ្ណសារសោតទស្សន៍ ក្នុងនោះមានបណ្ណសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងផងដែរ។
នៅថ្ងៃពុធ ទី៧ ខែឧសភានឹងវេទិកាពិភាក្សាជាមួយសាធារណជន ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neve។ បុគ្គលទាំងពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។
ចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃ២៣ ខែសីហា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារប្រមាណ១២រឿង ដែលផ្តោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម។
គប្បីជម្រាបជូនផងដែរថា ក្នុងខែឧសភា រាជរដ្ឋាភិបាលតែងប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ។ថ្ងៃ ២០ ឧសភាជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងអំពាវនាវ និងក្រើនរំលឹកជារឿយៗថា”ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕
ដោយ៖មុនី




