ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជិត១០០គ្រួសារ នៅខេត្ត​ព្រះវិហារ បានទទួល​អំណោយសប្បុរសធម៌​ពីកាក​បាទ​ក្រហមកម្ពុជា

ព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី និង​មន្រ្តីក្រុមការងារនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធានទៅ​ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៩៩គ្រួសារនៅឃុំខ្យង ឃុំតស៊ូ ស្រុកជ័យសែន ខេត្ត​ព្រះវិហារ។

អំណោយដែលផ្តល់ជូនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ មាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឃីតមួយកញ្ចប់ និងថវិកា មួយ​ចំនួន។ដោយឡែកប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងចំនួន ១១​គ្រួសារ បានទទួលតង់កៅស៊ូមួយបន្ថែមទៀត។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តព្រះវិហារ បាននាំ​ប្រសាសន៍​ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹកលឹក និងបានសម្តែង នូវការ​សោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ជីវិត និងការខូច​ខាត​ទ្រព្យសម្បត្តិ រួមទាំងលំនៅឋានរបស់បងប្អូន ដែលបង្ក​ឡើង​ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ។

នៅក្នុងឱកាសនេះដែរឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុម​ការងារចុះពិនិត្យទីតាំងផ្ទាល់ ដល់លំនៅឋានប្រជាពលរដ្ឋ ដែល​រងការខូចខាតធ្ងន់ធ្ងរ នៅក្នុងឃុំខ្យង និងឃុំតស៊ូ។ តាមរយៈ​ការចុះពិនិត្យនេះឯកឧត្តមអភិបាលខេត្ត បានណែនាំ​ដល់អាជ្ញាធរ​ភូមិ ឃុំ និងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តរូបភាព “មិត្តជួយមិត្ត” ពោលគឺក្នុងនាមជាអ្នកជិតខាង ត្រូវជួយ​គ្នា​ទៅវិញទៅមក ដូចជាជួយជាឈើ និងស័ង្កសី បន្តិចបន្តួច ឬជួយជាកម្លាំង​ពលកម្ម​ដើម្បីធ្វើផ្ទះដែលខូចខាតឡើងវិញ៕

ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner