រដ្ឋមន្ត្រីឧស្សាហកម្មលើកទឹកចិត្តអាជីវករឱ្យចុះឈ្មោះ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យានិង នវានុវត្ត​ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់បងប្អូន អាជីវករ ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ចុះឈ្មោះសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាមប្រព័ន្ធឌីជីថល ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋា ភិបាល។

ឯកឧត្តម ហែម វណ្ណឌី អំពាវនាវយ៉ាងដូច្នេះ ក្នុងយុទ្ធនាការ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះតាមថ្នាលឌីជីថល ,ចុះអ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ដែលប្រារព្ធនៅក្នុងបរិវេណសាលាខេត្តកំពង់​ស្ពឺ​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងអាជីវករចូលរួមជាង៣ពាន់នាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានគូស​រំលេចថា ​រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្ត​ទុក​ដាក់​លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេស​ចំពោះ​សុខុមាល​ភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹង​សមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។

ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជា​កិច្ចការ​អាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ។ទន្ទឹម​នឹង​នេះបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាព​សង្គម។ពិសេស​ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាត​ឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យ​ច្បាស់​លាស់សម្រាប់​ផ្តល់អន្តរាគមន៍ចំគោលដៅនិងទាន់ពេលវេលា ពិសេសក្នុង​អំឡុងពេលមានវិបត្តិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះឈ្មោះទៅ​ក្នុង​ប្រព័ន្ធក៏ជាការបើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាច​មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួង ស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍជំនាញការ​ចូលជា​​សមាជិកបេឡាជាតិរបបសន្តិសុខសង្គម​(ប.ស.ស)​ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះ លើកលែង​កាតព្វកិច្ចពន្ធដារនិងសេវាគាំពារសង្គមជាដើម។

ក្នុងឱកាសនោះដែរឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ​ក៏​បានលើកឡើងផង​ដែរថាការរៀបចំឱ្យ​មានការ​ចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនជា​ការ​ដាក់​បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ។នេះជាយន្តការ​ដែលរាជរដ្ឋាភិបាលបានរៀបចំឡើង​ដើម្បីបង្កើតនូវ​ទំនាក់​​ទំ​នងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។
ឯកឧត្តម​ក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុង​ភូមិសាស្ត្រខេត្តកំពង់ស្ពឺចូលរួមចុះឈ្មោះ​ក្នុងថ្នាលឌីជីថល​នេះឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន៕

អត្ថបទ៖ម៉ុន សំអាត

ads banner