ឥណ្ឌាជះលុយជាង ៧ពាន់លានដុល្លារទិញយន្តហោះចម្បាំងបារាំង ២៦គ្រឿង

ញូវដែលី ៖ ឥណ្ឌាទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ក្នុងតម្លៃខ្ទង់ ៧,៤១ពាន់លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធកងទ័ពជើងទឹកឥណ្ឌា នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងការពារជាតិឥណ្ឌាបានបង្ហើបប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃចន្ទ។

ការទិញ-លក់យន្តហោះចម្បាំងនេះ កើតឡើងនៅពេលដែលឥណ្ឌាព្យាយាមធ្វើទំនើបកម្មយោធា និង កាត់បន្ថយការពឹងផ្អែកលើយោធូបករណ៍រុស្ស៊ី ជាពិសេសជំរុញការផលិតសព្វាវុធក្នុងស្រុក ដើម្បីផ្គត់ផ្គង់កងកម្លាំងដែលដាក់ពង្រាយតាមព្រំដែនមានជម្លោះចំនួនពីរ គឺជាមួយប៉ាគីស្ថាន និងចិន។

នេះជាជំហានថ្មីមួយទៀតបង្ហាញពីការពឹងផ្អែករបស់ឥណ្ឌាដ៏យូរអង្វែងលើសម្ភារៈយោធាបារាំង ក្នុងនោះរួមទាំងយន្តហោះចម្បាំង Mirage 2000 ដែលបានទិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងនាវាមុជទឹកប្រភេទ Scorpene ដែលបញ្ជាទិញក្នុងឆ្នាំ២០០៥។

កិច្ចព្រមព្រៀងថ្មីនេះត្រូវបានអនុម័តកាលពីដើមខែមេសា ដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ឥណ្ឌា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ កងទ័ពអាកាសឥណ្ឌា បច្ចុប្បន្នកំពុងប្រតិបត្តិការយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ខណៈដែលកងនាវានៃកងទ័ពជើងទឹកឥណ្ឌា ភាគច្រើនមានយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី។

Rafale គឺជាយន្តហោះចម្បាំងផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation។ Rafale ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួនពីរ ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការយន្តហោះខ្លាំង និងមានល្បឿនលឿន។ Rafale អាចហោះបានចម្ងាយ ៣.៧០០គីឡូម៉ែត្រ, ហោះបានកម្ពស់ជាង ១៥គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់ ២៤.៥០០គីឡូក្រាម។ ចំណែកល្បឿនវិញ Rafale អាចហោះបាន ២.២២២គីឡូម៉ែត្រក្នុងមួយម៉ោង។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Dassault Aviation យន្តហោះជំនាន់ថ្មីនេះ អាចបំពាក់មីស៊ីលបាញ់លើអាកាស មីស៊ីលបាញ់ទៅដី និងមីស៊ីលប្រឆាំងនាវាចម្បាំង។ យន្តហោះមួយនេះ ក៏អាចបំពាក់មីស៊ីលបានចំនួន ៦គ្រាប់ ដោយអាចបាញ់បានក្នុងពេលជាមួយគ្នា។ Rafale អាចបាញ់មីស៊ីលនៅលើអាកាស បានចម្ងាយរហូតដល់ ១៥០គីឡូម៉ែត្រ និងបាញ់ទៅដីបានរហូតដល់ ៣០០គីឡូម៉ែត្រ។ វាក៏អាចប្រើជាយន្តហោះស៊ើបការណ៍ និងអាចវាយប្រហារសត្រូវ ពេលហោះក្នុងរយៈកម្ពស់ទាបបានផងដែរ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner