អ៊ីរ៉ង់ប្រាប់មូលហេតុផ្ទុះកំពង់ផែសម្លាប់មនុស្សជិត ៥០នាក់
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក Mehrdad Hassanzadeh នៅថ្ងៃចន្ទ បានស្តីបន្ទោសលើការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានករណីផ្ទុះកំពង់ផែដ៏ធំមួយ ផ្តាច់ជីវិតមនុស្ស ៤៦នាក់ និងជាង ១០០នាក់រងរបួស។
ហេតុការណ៍ផ្ទុះនេះកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯកំពង់ផែ Shahid Rajaee ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្បែរច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវទឹកមរមាញឹករ៉ាប់រងមួយភាគប្រាំនៃទិន្នផលប្រេងពិភពលោកឆ្លងកាត់។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ដែលចុះពិនិត្យមើលទីតាំងកើតហេតុផ្ទាល់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នករបួសចំនួន ១២០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។
លោករដ្ឋមន្ត្រីបន្ថែមថា ពិរុទ្ធជនត្រូវបានគេកំណត់អត្តសញ្ញាណ និងកោះហៅ ហើយករណីបំផ្ទុះនេះគឺបណ្តាលមកពីការធ្វេសប្រហែស រួមទាំងការមិនគោរពតាមការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបង្ហាញរូបភាពក្រុមអ្នកពន្លត់អគ្គីភ័យនៅតែពន្លត់អណ្តាតភ្លើងកាលពីថ្ងៃចន្ទ ហើយបានរាយការណ៍ថា ការខូចខាតនឹងត្រូវវាយតម្លៃ បន្ទាប់ពីភ្លើងរលត់ទាំងស្រុង។
ទោះជាយ៉ាងណា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាឱ្យស៊ើបអង្កេតលើឧប្បត្តិហេតុនេះបន្ថែមទៀត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


