អភិបាលខេត្តបាត់ដំបង រំលឹកដល់សមត្ថកិច្ចច្រកទ្វារព្រំដែន ឱ្យបង្កើនការទប់ស្កាត់បង្ក្រាបនូវរាល់បទល្មើសឆ្លងដែន
បាត់ដំបង៖នៅសាលាស្រុកសំពៅលូន រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្វពិធីផ្ទេរ-ប្រកាសតែងតាំងនិងចូលកាន់មុខតំណែងថ្មី ជាប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី-គីឡូ១៣នៃស្រុកសំពៅលូន និងប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ(អូរអន្លក់)នៃស្រុកកំរៀងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ក្រោម អធិបតីភាពឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំ និងក្រើនរំលឹកដល់គ្រប់មន្រ្តីពាក់ព័ន្ធ និងគ្រប់កងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងនូវកិច្ចការពារសន្តិសុខ នៅតាមបន្ទាត់ព្រំដែន ។បង្កើនស្មារតីសហការល្អជាមួយភាគីថៃ ដើម្បីធ្វើឱ្យតំបន់ព្រំដែនប្រែក្លាយទៅជាព្រំដែនមានសុខសន្តិភាព មានសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជំរុញផងដែរដល់រដ្ឋបាលស្រុកសំពៅលូន និងរដ្ឋបាលស្រុកកំរៀង ព្រមទាំងគ្រប់សមាសភាពបំពេញភារកិច្ចនៅក្នុងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ អូរអន្លក់ និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមដឹកនាំ គ្រប់គ្រង សហការបំពេញការងារល្អ ជាមួយប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីថ្មី និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ ស៊ួនស៊ុ-អូរអន្លក់ ថ្មី ដែលទើបតែផ្ទេរនិងប្រកាសចូលកាន់មុខតំណែងថ្មី ។
សូមបញ្ជាក់ថា លោក ណាត ចាន់រ៉េត អតីតប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ-អូរអន្លក់ នៃស្រុកកំរៀង ត្រូវបានផ្ទេរ និងប្រគល់ភារកិច្ចថ្មី ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ភ្នំដី-គីឡូ១៣ នៃស្រុកសំពៅលូន ជំនួសលោក តេង ចាន់ភិរម្យ ដែលត្រូវវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពដើមវិញនិងប្រគល់ភារកិច្ចថ្មី ជូនលោករិត សុធាវី ជាប្រធានទីស្នាក់ការត្រួតពិនិត្យព្រំដែនច្រកទ្វារតំបន់ ស៊ួនស៊ុ-អូរអន្លក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.




