អភិបាលខេត្តកំពង់ចាម ៖ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗនៅខេត្តកំពង់ចាមគិតជាមធ្យម ១៤១លានដុល្លារក្នុងឆ្នាំ
កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានគូសរំលេចថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗក្នុងខេត្តកំពង់ចាម ទទួលបានគិតជាមធ្យមប្រមាណ ១៤១លានដុល្លារ ក្នុង១ឆ្នាំ ។កម្រៃទាំងនេះ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅក្រុមហ៊ុន ជេហ្សេតគ្លរី អេនធើប្រាយ ឯ.ក ស្រុកជើងព្រៃ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧.០៣២នាក់។ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង កម្មករ និយោជិតចំនួន ៣០.៥២០នាក់ ដោយកម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗទទួលបានប្រាក់ចំណូល ជាមធ្យម ២៥៤ដុល្លារ និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤ដុល្លារ ក្នុង១ខែ ។
ឯកឧត្តមបន្តថា ដូចនេះក្នុងខេត្តកំពង់ចាម ទទួលបានគិតជាមធ្យមប្រមាណ ១៤១លានដុល្លារ ក្នុងមួយឆ្នាំ ។

នៅខេត្តកំពង់ចាមដដែល ក្នុងដើមឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានបណ្តុះបណ្តាលលើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដល់សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ១.០១០នាក់ ។នេះបើតាមឯកឧត្តមអភិបាលខេត្តកំពង់ចាមបញ្ជាក់៕
ដោយ៖លី ពៅ


