ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបចូលកាន់តំណែងជាផ្លូវការ

កែប៖លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា​ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ជំនួសលោក ម៉ម ទូច ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង​ថ្មីជា​ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តកំពត។ចំណែកប្រធានមន្ទីរខេត្ត​កំពត​ត្រូវបានផ្ទេរទៅកាន់មុខតំណែង​ជាប្រធាន​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូនខេត្តកំពង់ស្ពឺ ខណៈពិធីប្រកាសជាផ្លូវការបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែបកាលពីព្រឹកថ្ងែទី៣០ ខែមេសា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកែប។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានណែនាំឱ្យលោកប្រធានមន្ទីរថ្មី បន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោម​ឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវ​ចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលនឹង​ដាក់​ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។

ឯកឧត្តមបញ្ជាក់ថា ការសម្រួលភារកិច្ចប្រធានមន្ទីរនាពេលនេះ គឺដើម្បី​ជំរុញឱ្យមានការផ្លាស់ប្តូរនូវបទពិសោធន៍ ព្រម​ទាំងពង្រឹងប្រសិទ្ធភាពការងារ​លើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិ ទាំងនៅលើ​ការងារ​គ្រប់គ្រងទូទៅ ការងារសាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវា​សាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អរប្រសើរឡើងថែមទៀត។
ដោយ៖ សិលា សារិន

ads banner