អឺរ៉ុបចង់ដាក់ទណ្ឌកម្មជុំទី១៧ លើរុស្ស៊ី
បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំង លោក លោក Jean-Noel Barrot ប្រាប់កាសែត AFP
ថា សហគមអឺរ៉ុប ឬ EU កំពុងរៀបចំទណ្ឌកម្មថ្មី ជុំទី១៧ ដាក់លើប្រទេសរុស្ស៊ី។
លោក រដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងបង្ហាញពីការសង្ឃឹមថា នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ ជាមួយសហរដ្ឋអាមេរិក។
លោក Barrot ប្រាប់ AFP នៅក្នុងបទសម្ភាសន៍មួយថា «អឺរ៉ុបនឹងអមដំណើរ គំនិតផ្តួចផ្តើម របស់អាមេរិក ជាមួយនឹងកញ្ចប់ទណ្ឌកម្មថ្មីនេះ ហើយ កាលពីម្សិលមិញ ខ្ញុំបានប្តេជ្ញា ទៅកាន់ព្រឹទ្ធសមាជិកអាមេរិក លោក Lindsey Graham យើងនឹងព្យាយាមសម្របសម្រួល ទាំងធាតុចូល និងពេលវេលា នៃកញ្ចប់ទណ្ឌកម្ម ទាំងពីរនេះ» ដែលចង់សំដៅលើ ទាំងទណ្ឌកម្មអាមេរិក និង អឺរ៉ុប។
ប្លុកដែលមាន ២៧ ប្រទេស បានដាក់ទណ្ឌកម្ម ជាច្រើនលើក លើប្រទេសរុស្ស៊ី ជាការឆ្លើយតបចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ហើយបាននិយាយ កាលពីដើមឆ្នាំនេះថា ខ្លួននឹងមិនលើកលែង រហូតទាល់តែ មានការដកកងកម្លាំងរបស់ទីក្រុងម៉ូស្គូ “ដោយគ្មានលក្ខខណ្ឌ” ពីប្រទេសជិតខាង របស់ខ្លួន។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងព្យាយាមធ្វើអន្តរការី ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសមាជិកព្រឹទ្ធសភា ពីរក្រុម ដែលដឹកនាំដោយលោក Graham និង កូតា មកពីគណបក្សប្រជាធិបតេយ្យ គឺ លោក Richard Blumenthal កាលពីខែមុន បានស្នើច្បាប់ ដែលនឹងដាក់ទណ្ឌកម្មថ្មី លើក្រុងម៉ូស្គូ ប្រសិនបើជាប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត