ក្រុមប្រតិភូធុរជន ចិន និង អាមេរិកស្នើសុំកិច្ចសហការ ជាមួយកម្ពុជា លើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិ
(ភ្នំពេញ)៖ ប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងស្នើសុំការគាំទ្រលើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជា ដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយក្រសួងទេសចរណ៍ក៏បាន ស្នើក្រុមហ៊ុនជួយឱ្យជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិនអាមេរិក ៕






ដោយ ៖ ហេង សម្បត្តិ