ខេត្តព្រះសីហនុ ជាខេត្តទី៥ដែលបានបិទបញ្ចប់យុទ្ធនាការវាស់វែងដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង៥ពាន់បណ្ណ

(ព្រះសីហនុ)៖ ថ្លែងក្នុងពិធីផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥២៥០បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការគ្រប់ដំណាក់កាលនីមួយៗជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផលិតបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូននាពេលនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសខេត្តព្រះសីហនុ ជាខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីចប់សព្វគ្រប់នៅទូទាំងខេត្ត ។ ជាមួយនេះក៏មានខេត្តតាកែវ កែប និងប៉ៃលិន ដែលបានបញ្ចប់ការវាស់វែងដីធ្លីជាស្ថាពរផងដែរ ដូច្នេះបណ្ណកម្មសិទ្ធិដីធ្លីដែលយើងបានសំអាតរួចរាល់និងមានសុវត្ថិភាពហើយនោះ គឺយើងបានចាប់ផ្ដើមចែកជូនដល់ប្រជាពលរដ្ឋជាបណ្ដើរៗនៅទូទាំងខេត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ និងរួមចំណែកបង្កើនចំណូលថវិកាជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ថ្វីត្បិតតែយើងបានបិទបញ្ចប់នូវការវាស់វែងដីធ្លីនៅខេត្តព្រះសីហនុជាស្ថាពរក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ក្រសួងនិងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងឈប់ទទួលនូវសំណូមពររបស់ប្រជាពលរដ្ឋដែលបានរំលង ឬខកខានមិនបានចូលរួមក្នុងការផ្ដល់ព័ត៌មានសម្រាប់ការវាស់វែងដីធ្លីនោះទេ ហេតុនេះប្រជាពលរដ្ឋក៏អាចចូលមកស្នើសុំវាស់វែងដីធ្លីបន្តទៀតបាន ដោយមន្ត្រីជំនាញនឹងរីករាយទទួលស្វាគមន៍ក្នុងការងារនេះជានិច្ច ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការបញ្ចប់នូវការវាស់វែងដីធ្លីទូទាំងខេត្តព្រះសីហនុនាពេលនេះ មានន័យថាជាការបញ្ចប់នូវយុទ្ធនាការ ប៉ុន្តែអ្វីដែលនៅសេសសល់ និងបានរំលងឬខកខានដោយសារហេតុផលណាមួយនោះ គឺមន្ត្រីជំនាញនៅតែបន្តទទួលសំណើរឬសំណូមពរនោះដដែល។ឯកឧត្តមបានស្នើដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ បន្ទាប់ពីបានចេញបណ្ណកម្មសិទ្ធិនេះរួចហើយ សូមកំណត់ព្រំប្រទល់ភូមិឱ្យបានច្បាស់លាស់ និងសរសេរឈ្មោះភូមិឲ្យបានត្រឹមត្រូវ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធដោយមានលេខកូដត្រឹមត្រូវ សំរាប់កំណត់អាសយដ្ឋាន ងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញនាពេលខាងមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា អ្វីដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការផ្ដល់នូវសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ ប៉ុន្តែប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់បណ្ណកម្មសិទ្ធិនេះឱ្យបានចំគោលដៅត្រឹមត្រូវ ចៀសវៀងបាត់បង់ទ្រព្យដ៏មានតម្លៃនេះ ពីព្រោះនេះជាទ្រព្យសម្បត្តិដែលធ្វើឱ្យរីកចម្រើនក្នុងជីវិត ដូច្នេះត្រូវចេះថែរក្សាទ្រព្យសម្បត្តិនេះ ទុកឱ្យបានគង់វង្សនិងបន្សល់ជាមរតកបន្តជំនាន់ ។

សូមបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ខេត្តដែលបានបិទបញ្ចប់ការវាស់វែងដីធ្លីជាលក្ខណៈជាប្រព័ន្ធចប់សព្វគ្រប់នៅទូទាំងខេត្ត មានចំនួន៥ខេត្ត ក្នុងនោះមានខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ និងខេត្តព្រះសីហនុ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner