Zelenskyថារកស៊ីរ៉ែជាមួយអាមេរិក ជាជំនួញស្មើមុខស្មើមាត់

បរទេស ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានគូសបញ្ជាក់ថា កុងត្រារ៉ែ ដែលទើបបានចុះហត្ថលេខា ជាមួយភាគីអាមេរិក គឺជាកិច្ចព្រមព្រៀងវិនិយោគ ដោយស្មើមុខ ស្មើមាត់។

លោក Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ជាមួយសហរដ្ឋអាមេរិក បានផ្តល់អត្ថប្រយោជន៍ “ស្មើភាពគ្នា” សម្រាប់ភាគីទាំងពីរ ទោះបីជាកិច្ចព្រមព្រៀងនេះ មិនបានផ្តល់ការធានាសន្តិសុខជាក់ស្តែង សម្រាប់ទីក្រុង Kyiv ក៏ដោយ។

កិច្ចព្រមព្រៀង ដែលបានចំណាយពេលជាច្រើនខែ ដើម្បីចរចា នឹងឃើញទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ រួមគ្នាអភិវឌ្ឍ និងវិនិយោគ លើធនធានរ៉ែដ៏សំខាន់ របស់អ៊ុយក្រែន។

រដ្ឋាភិបាលទីក្រុង Kyiv និង Washington ធ្លាប់ប៉ុនប៉ង ចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែ តម្លៃរាប់ពាន់លានដុល្លារ នេះ កាលពីខែកុម្ភៈ ប៉ុន្តែ ការប៉ះទង្គិចគ្នាជាពាក្យសម្តីធ្ងន់ៗ នៅសេតវិមាន រវាងប្រធានាធិបតីអាមេរិក Donald Trump និង លោក Zelensky បានធ្វើឱ្យកិច្ចចរចា បរាជ័យ យ៉ាងជូរចត់។

ប៉ុន្តែ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីសេដ្ឋកិច្ឋអ៊ុយក្រែន និង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលអាមេរិកមានសិទ្ធិវិនិយោគលើរ៉ែរបស់អ៊ុយក្រែន ដោយនឹងបង្កើតមូលនិធិ រួមគ្នាមួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner