ចិនប្រើមនុស្សយន្ត AI លក់ឡានឱ្យភ្ញៀវនៅម៉ាឡេស៊ី
គូឡាឡាំពួ ៖ ផ្តើមចេញពីមនុស្សយន្តបម្រើការងារក្នុងរោងចក្រផលិតឡាន ឥឡូវនេះ Mornine បានក្លាយជាមនុស្សយន្តដំបូងគេ ធ្វើការជាអ្នកប្រឹក្សាផ្នែកលក់ដ៏ឆ្លាតវៃនៅហាងលក់ឡានក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។
មនុស្សយន្តរបស់ក្រុមហ៊ុនផលិតឡានចិន Chery នេះ ប្រើប្រាស់បច្ចេកវិទ្យា AI របស់ Deepseek ដើម្បីយល់ពីអ្វីដែលមនុស្សនិយាយ និងផ្តល់ការឆ្លើយតបជាក់លាក់ចំពោះមនុស្សម្នាក់ៗ ដោយវាអាចស្គាល់កាយវិការ ពាក្យបញ្ជា និងអ្វីៗនៅជុំវិញវាដោយប្រើសំឡេង ការមើលឃើញ និងព័ត៌មានផ្សេងទៀត។
ទាំងនេះបង្ហាញពីប្រព័ន្ធចលនា Bionic របស់មនុស្សយន្ត Mornine អនុញ្ញាតឱ្យវាធ្វើចលនា និងអាចចាប់ព័ត៌មានបានយ៉ាងល្អ។ មនុស្សយន្ត Mornine អាចផ្តល់សេវាកម្មប្រឹក្សាយោបល់ និងអាចនិយាយបានច្រើនភាសាទៅកាន់អតិថិជនបានយ៉ាងរលូន។
លើសពីនេះ មនុស្សយន្ត Mornine មានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ ដែលជួយឱ្យវាផ្លាស់ទី និងអាចធ្វើការរួមគ្នាជាមួយមនុស្សយន្តផ្សេងទៀត ដើម្បីបម្រើអតិថិជន ជាពិសេសក្នុងអំឡុងពេលមមាញឹក។
មនុស្សយន្ត AI នេះ មានឈ្មោះដើមថា AiMOGA ដែលទើបបង្ហាញខ្លួននៅក្នុងកម្មវិធីពិព័រណ៍ឡានម៉ូឌែល NEV (ឡានថាមពលថ្មី) ឆ្នាំ២០២៥ នៅក្នុងទីក្រុងសៀងហៃ៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា