សម្ដេចតេជោ នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចំនួនពីរ និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន រយៈពេល ៥ថ្ងៃ
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន និងបន្តទៅទស្សនកិច្ចនៅប្រទេស ទីម័រឡេស្ត រយៈពេល ៥ថ្ងៃ ។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារ ចោលការងារក៏មិនបាន ។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង ៤ ខែឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយា មិនអាចចូលរួមពិធីបុណ្យបាន។
សម្ដេចបន្តថា ថ្ងៃ៤ និង ៥ ខែឧសភា ខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរ តែជាអកុសល ខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង ៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង ១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)។
សម្ដេចតេជោ បានបន្ថែមថា នៅឥណ្ឌូនេសុី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា ។ តាមការគ្រោងទុក ខ្ញុំនិងធ្វើបាឋកថា
មួយទៀត នៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាសុីបូពា៏ នាទីក្រុងហ្សាកាតា នាព្រឹកថ្ងៃ៦ឧសភា។
សម្ដេចបន្តទៀតថា ថ្ងៃត្រង់ ៧ ឧសភា ខ្ញុំនឹងធ្វើដំណើរទៅ
កាន់ទីម័រឡេស្ត ដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ៩ ខែឧសភា ឆ្នាំ២០២៥ ទើបមកដល់កម្ពុជាវិញ។ ថ្ងៃ១០ ឧសភា មិនទាន់បានសម្រាកវាយកូនគោលទេ ព្រោះរឿងគ្រួសារបានមកដល់ទៀតហើយ នោះគឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូនរបស់ក្មួយស្រីបង្កើត ជាកូនរបស់បងប្រុសរបស់ភរិយាខ្ញុំ ដែលត្រូវរៀបការ ហើយខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន ។
សម្ដេចតេជោ បញ្ជាក់ថា ត្រង់នេះហើយដែលខ្ញុំ លើកពីខាងលើថា ពិបាកបែងចែករវាងការងារ និងបញ្ហាគ្រួសារ៕
ដោយ ៖ វណ្ណលុក
