សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៦ចំណុច ដើម្បីលើកកម្ពស់វិស័យព័ត៌មាន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច ជូនក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីពង្រឹងតួនាទីវិស័យព័ត៌មានឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គមជាតិ។ នេះបើយោងតាមសារលិខិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥)។
អនុសាសន៍ទាំង ៦ចំណុចនោះ រួមមាន ៖
ទី១. បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងរៀបចំច្បាប់ និងលិខិតបទដ្ឋានថ្មីបន្ថែមទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈជំរុញការគោរព និងអនុវត្តតាមច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
ទី២. បន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដោយបើកវគ្គបណ្តុះបណ្តាលលើជំនាញបច្ចេកទេស ដើម្បីបង្កើនគុណភាពខ្លឹមសារព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ និងដើម្បីជាប្រយោជន៍សម្រាប់ជាចំណេះដឹង និងត្រូវបង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹង។
ទី៣. បន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិត របស់ប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់តាមគ្រប់មធ្យោបាយនូវដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានបំភ័ន្តទាំងឡាយតាមរយៈការសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បំភ្លឺ ឆ្លើយតប និងបកស្រាយឱ្យទាន់ពេលវេលា និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដើម្បីបន្សាបព័ត៌មានក្លែងក្លាយ។
ទី៤. កំណត់គោលការណ៍ណែនាំ នៃក្រមសីលធម៌ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការប្រមូលព័ត៌មាន ផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត ដើម្បីរក្សា និងបង្កើនទំនុកចិត្តលើព័ត៌មានដែលបានផលិត និងផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ទី៥. រៀបចំស្តង់ដាប្រតិបត្តិក្នុងការកំណត់លក្ខខណ្ឌអប្បបរមា ដើម្បីស្នើសុំបង្កើតអង្គភាព សារព័ត៌មាន និងបុគ្គលដែលត្រូវទទួលស្គាល់ថាជាអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងគុណភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងវិស័យសារព័ត៌មាន។
ទី៦. លើកកម្ពស់ការទូតព័ត៌មាន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ក្នុងការទប់ស្កាត់ឥទ្ធិពលអវិជ្ជមានក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាអាទិ៍ ការប្រឆាំងព័ត៌មានក្លែងក្លាយ ការពង្រឹងសមត្ថភាពរួមគ្នាក្នុងការទប់ស្កាត់ផលប៉ះពាល់ផ្សេងៗទៀត ៕
ដោយ ៖ វណ្ណលុក





