សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់អ្នកសារព័ត៌មាន និងផ្តល់អនុសាសន៍បន្ថែមចំនួន ៤ចំណុច
(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា តាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងការធានាបាន នូវសិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋ”។ នេះបើយោងតាមសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥) ។
បន្ថែមពីលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ ចំនួន ៤ចំណុច ជូនដល់បងប្អូនអ្នកសារព័ត៌មានផងដែរ រួមមាន៖
ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ ប៉ុន្តែសូមចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មានមានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។
ទី២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
ទី៣. ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចកើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និងត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។
ទី៤. ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ក៏ដូចជាកសាងជំនឿទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន៕
ដោយ ៖ វណ្ណលុក





