អាមេរិកសុំចិនចរចាពាណិជ្ជកម្មច្រើនលើក តែចិនថាកំពុងពិចារណា

បរទេស៖ ភាគីអាមេរិកបានស្នើសុំចិន ចរចាពាណិជ្ជកម្ម ជាច្រើនលើក ប៉ុន្តែ ភាគីចិនបានអះអាងថា ខ្លួនកំពុងពិចារណា លើសំណើទាំងនោះ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃសុក្រ។

កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងថា នឹងមិនចុះញមអាមេរិក ចំពេលមានភាពតានតឹង កាន់តែខ្លាំង ដោយសារតែសង្គ្រាមពន្ធ ផ្តើមចេញពីលោកប្រធានាធិបតី Donald Trump។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រនេះ ថា «ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្ញើសារ ជាច្រើនលើក ទៅកាន់ប្រទេសចិន តាមរយៈភាគីពាក់ព័ន្ធ ដោយសង្ឃឹមថា នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសចិន ហើយ ប្រទេសចិនកំពុងវាយតម្លៃ លើសំណើ ទាំងនេះ»។ ទីក្រុងប៉េកាំង បានបញ្ជាក់ជាថ្មីថា ការចរចាណាមួយនឹងតម្រូវឱ្យមានលក្ខខណ្ឌជាមុនមួយចំនួន ដែលត្រូវបំពេញ។ អ្នកនាំពាក្យរូបនេះ អះអាងថា «សង្គ្រាមពន្ធគយ និងពាណិជ្ជកម្ម ត្រូវបានផ្តួចផ្តើម ដោយឯកតោភាគី បង្កចេញពីសហរដ្ឋអាមេរិក ហើយប្រសិនបើចង់ចរចា ត្រូវតែបង្ហាញពីភាពស្មោះត្រង់ ពិតប្រាកដ ដែលរួមបញ្ចូលទាំងការត្រៀមខ្លួន ដើម្បីកែតម្រូវកំហុសរបស់ខ្លួន និងលុបចោលការដំឡើងពន្ធឯកតោភាគី របស់អាមេរិក» ។

រីឯ លោក Trump បាននិយាយ ម្តងហើយម្តងទៀត តាំងពីសប្តាហ៍មុន ថា រដ្ឋបាលរបស់លោកកំពុងពិភាក្សា ជាមួយមន្រ្តីចិន ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បើទោះបីជាទីក្រុងប៉េកាំង តែងតែបដិសេធថា គ្មានជំនួបចរចា នៅឡើយ ក៏ដោយ។

លោក Trump បានដំឡើងពន្ធ លើប្រទេសចិន ដល់កម្រិត ១៤៥% កាលពីដើមខែនេះ ។ ជាការឆ្លើយតប ទីក្រុងប៉េកាំង បានដំឡើងពន្ធ លើការនាំចូលទំនិញ របស់អាមេរិកវិញ រហូតដល់ចំនួន ១២៥%៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner