អភិបាលខេត្តពោធិ៍សាត់ ៖ ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគឺដើម្បីឱ្យត្រីសម្បូរសម្រាប់ទុកឱ្យពលរដ្ឋទៅថ្ងៃខាងមុខ
(ពោធិ៍សាត់)៖ គ្រប់ភាគីដែលបានចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនោះគឺធ្វើឡើងសំដៅធ្វើយ៉ាងណាជួយលើកស្ទួយពលរដ្ឋដែលប្រកបរបរនេសាទអាចប្រកបរបរមួយនេះបន្តយូរអង្វែងពោលគឺមាននិរន្តភាព ត កូន តចៅទៅថ្ងៃខាងមុខ។នេះជាការលើកឡើងពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
ថ្លែងក្នុងពេលចូលរួមដំណើរទស្សនកិច្ចដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO កាលពីថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៥នៅសហគមន៍នេសាទ កំពង់ប្រាក់ ស្ថិតនៅក្នុងឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានថ្លែងថាសម្រាប់ការទប់ស្កាត់ និងបង្រ្កាបបទល្មើសដែលធ្វើឡើងយ៉ាងសស្រាក់សស្រាំកន្លងមកក្នុងគោលបំណងតែមួយគត់គឺដើម្បីឱ្យប្រជាជនរបស់យើងមានពូជត្រី និងធនធានមច្ឆាជាតិសម្បូរបែប។ម្ល៉ោះហើយការគ្រប់គ្រងត្រូវតែឱ្យមានសុវត្តិភាព និងតម្លាភាពដើម្បីឱ្យប្រជាពលរដ្ឋពីជំនាន់នេះតទៅជំនាន់ក្រោយៗនៅតែអាចរក្សាបានត្រីសម្បូរបែបដដែល។
ឯកឧត្តមអភិបាលគូសបញ្ជាក់ថា”អញ្ចឹងការទប់ស្កាត់ និងការអនុវត្តច្បាប់ត្រូវតែមានហើយ!យើងយកច្បាប់មកអនុវត្ត ច្បាប់កំណត់បែបនេះគឺដើម្បីការពារពូជត្រី ពូជត្រីដែលការពារនេះមិនមែនសម្រាប់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម មេឃុំ ចៅហ្វាយស្រុកទេគឺសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីហ្នឹងតែម្តង ហើយក៏ដើម្បីបន្តចែកចាយជាមួយប្រជាពលរដ្ឋយើងទូទាំងប្រទេសប៉ុណ្ណោះ។ដើម្បីការពារត្រី ធនធានធម្មជាតិរបស់យើងត្រូវតែមានច្បាប់កំណត់ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរបស់យើងគោរពច្បាប់”។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា”កាលណាយើងគោរពច្បាប់បានត្រឹមត្រូវនោះគឺត្រីរបស់យើងទៅថ្ងៃខាងមុខមិនចេះខ្វះហូបទេ។ ក្រឡាមងរបស់យើងក៏អញ្ចឹងដែរ បើកាលណាញឹកដូចក្រឡាមុងដេក យើងនឹងអស់ត្រីហើយ តែបើក្រឡាមង៣ហ៊ុនដូចក្រសួងកសិកម្មបានកំណត់គឺយើងមានត្រីហូបតកូនតចៅអត់បាតបង់ពូជទាំងអស់នេះទេ។អញ្ចឹងក្នុងគោលបំណងទាំងអស់នេះហើយគឺជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង”។
ឯកឧត្តម ខូយ រីដាបានថ្លែងបញ្ជាក់ថាចំពោះការបង្រ្កាបបទល្មើសគឺយើងមិនមាននរណាធ្វើម្នាក់ឯងបានទេ ។ យើងត្រូវធ្វើឡើងទាំងក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និយាយរួមគឺកម្លាំង និងមធ្យោបាយសរុបតែម្តង ។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលបានប្រើប្រាស់កម្លាំងពីក្រសួងការពារជាតិ កងទ័ពជើងគោក ដើម្បីមកចូលរួមព្រោះថាផ្ទៃបឹងទន្លេសាប ខេត្តពោធិ៍សាត់មានប្រវែងដល់៨៤គីឡូម៉ែត្រ ហើយមន្រ្តីរបស់យើងមានចំនួនតិចតួចនៅឡើយ។ការអនុវត្តច្បាប់កន្លងមកយើងឃើញថាទទួលបានជោគជ័យបន្តបន្ទាប់ ។
ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានថ្លែងបញ្ជាក់ដែរថាក្នុងឆ្នាំនេះយើងកើនត្រី១ម៉ឺនតោន។ ការចុះទប់ស្កាត់ និងបង្រ្កាបរយៈពេលប៉ុន្មានខែនេះឃើញថាពូជត្រីរបស់យើងកើនឡើងច្រើនមែនទែន។
ថ្លែងក្នុងពិធីនេះដែរលោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មឱ្យដឹងថាក្រសួងតែងយកចិត្តទុកដាក់ទៅលើកិច្ចការពារអភិរក្សទៅលើត្រីមេពូជ ដែលអាចជួយឱ្យកំណើនសត្វត្រីមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ជាមួយគ្នានេះកិច្ចការពារទៅលើបទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទ ក៏ត្រូវបានហាមឃាត់ដើម្បីធ្វើយ៉ាងណាការពារឱ្យបានគង់វង្សនូវត្រីមេពូជ និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀតដែលកំពុងឈានទៅរកការបាត់បង់ពូជ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត








