លោក Elon Musk ថា ៥ឆ្នាំទៀត មនុស្សយន្តនឹងជំនួសការងារគ្រូពេទ្យវះកាត់
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចកវិទ្យា លោក Elon Musk ព្យាករណ៍ថា ៥ឆ្នាំទៀត មនុស្សយន្តនឹងចូលខ្លួនមកជំនួសការងារគ្រូពេទ្យវះកាត់មនុស្ស ហើយមនុស្សនឹងមានសមត្ថភាពខ្ពស់ ក្នុងការវះកាត់អ្នកជំងឺបានល្អ និងឆាប់រហ័សជាងគ្រូពេទ្យធម្មតាអាចធ្វើបាន នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។
ស្ថាបនិក Tesla និង SpaceX រូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម X ថ្មីៗនេះថា នាពេលអនាគតដ៏ខ្លី មនុស្សយន្តនឹងផ្តួលមនុស្សលោកក្លាយជា “គ្រូពេទ្យវះកាត់មនុស្សដ៏ល្អ” ហើយក៏អាចយកឈ្នះក្រុមវេជ្ជបណ្ឌិតកំពូលៗក្នុងរយៈពេលប្រហែល ៥ ឆ្នាំទៀតផងដែរ។
លោក Musk បានលើកឡើងពីក្រុមហ៊ុនជីវបច្ចេកវិទ្យា Neuralink របស់គាត់ ដែលបានពឹងផ្អែកលើមនុស្សយន្តរួចហើយ នៅក្នុងការដាក់បញ្ចូលអេឡិចត្រូតដើម្បីភ្ជាប់ខួរក្បាលជាមួយកុំព្យូទ័រ ពីព្រោះមនុស្សយន្តអាចធ្វើការឆាប់រហ័ស និងច្បាស់លាស់លើសពីអ្វីដែលមនុស្សធម្មជាអាចធ្វើបាន។
ការលើកឡើងរបស់លោក Elon Musk គឺជាការឆ្លើយតបនឹងការបង្ហោះសាររបស់ Influencer ឬបុគ្គលដ៏ល្បីម្នាក់ឈ្មោះ Mario Nawfal ក្នុងបណ្តាញសង្គម X ដែលនិយាយពីការរីកចម្រើនរបស់មនុស្សយន្តធ្វើការផ្នែកវេជ្ជសាស្ត្រ ដូចជាមនុស្សយន្ត Hugo របស់ក្រុមហ៊ុន Medronic។
Influencer រូបនេះនិយាយថា មនុស្សយន្ត Hugo បានសាកល្បងវះកាត់ជាក់ស្តែង រហូតដល់១៣៧លើក មិនថាការវះកាត់ក្រពេញប្រូស្តាត និងតម្រងនោម ហើយលទ្ធផលការវះកាត់របស់មនុស្សយន្ត គឺល្អជាងការរំពឹងទុករបស់គ្រូពេទ្យ ។
បើតាមInfluencer រូបនេះ មនុស្សយន្តអាចវះកាត់អ្នកជំងឺយ៉ាងឆាប់រហ័ស ស្មើ៩៨.៥% ដែលខ្ពស់ជាងការរំពឹងទុករបស់គ្រូពេទ្យត្រឹមតែ៨៥% ។ ការវះកាត់របស់មនុស្សយន្ត ចំនួន១៣៧លើក គឺមានតែ២លើកប៉ុណ្ណោះ ដែលមនុស្សយន្តត្រូវសុំជំនួយពីគ្រូពេទ្យជំនាញវះកាត់ ដោយសារមានបញ្ហាបច្ចេកទេស ។
កន្លងមក លោក Elon Musk ធ្លាប់និយាយពីបច្ចេកវិទ្យា Interface តភ្ជាប់រវាងខួរក្បាល និងកុំព្យូទ័រ (Brain-Computer Interface – BCI) ដែលក្រុមហ៊ុន Neuralink កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ ដោយលោកបញ្ជាក់ថា បច្ចេកវិទ្យា Interface នឹងអាចជំនួសបច្ចេកវិទ្យាក្នុងទូរស័ព្ទដៃនាថ្ងៃអនាគត។
ក្រុមហ៊ុន Neuralink បានទទួលជោគជ័យលើការបង្កប់បន្ទះឈីបទំហំតូចក្នុងខួរក្បាលអ្នកជំងឺ៣នាក់ គឺក្រោយពីវះកាត់រួច អ្នកជំងឺទាំងនេះអាចគ្រប់គ្រង Cursor នៅលើកុំព្យូទ័រ និងអាចលេងវីដេអូហ្គេម។ អ្នកជំងឺម្នាក់ដែលពុំអាចនិយាយបាន អាចប្រើប្រាស់បន្ទះឈីបក្នុងខួរក្បាល ដើម្បីទំនាក់ទំនងតាមរយៈសំឡេងបង្កើតដោយបច្ចេកវិទ្យា AI។
លោក Elon Musk បានប្រកាសពីគម្រោងសាកល្បងរបស់ក្រុមហ៊ុន Neuralink ដោយកំណត់គោលដៅបង្កប់បន្ទះឈីបក្នុងខួរក្បាលអ្នកជំងឺ ចាប់ពី២០ទៅ៣០នាក់នៅឆ្នាំ២០២៥នេះ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា