ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលបាលីស្ទីកកម្លាឥណ្ឌា

អ៊ីស្លាម៉ាបាដ ៖ យោធាប៉ាគីស្ថានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង ចំពេលមានភាពតានតឹងជាមួយឥណ្ឌា ជុំវិញការបាញ់ប្រហារដ៏សាហាវសម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុន។

រដ្ឋាភិបាលប៉ាគីស្ថាននិយាយថា មីស៊ីលបាញ់ពីដីទៅដី មានឈ្មោះថា Abdali Weapon System ដែលអាចហោះក្នុងចម្ងាយ ៤៥០គីឡូម៉ែត្រនេះ ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ហើយវាជាផ្នែកមួយនៃសមយុទ្ធកាលពីថ្ងៃសៅរ៍។

ការបាញ់បង្ហោះនេះ មានគោលបំណងធានានូវការត្រៀមខ្លួនទប់ទល់សត្រូវរបស់កងទ័ព និងបង្កើនសុពលភាពប្រតិបត្តិការ និងវឌ្ឍនភាពបច្ចេកទេសសំខាន់ៗ រួមទាំងប្រព័ន្ធរុករកកម្រិតខ្ពស់របស់មីស៊ីស និងលក្ខណៈពិសេសដែលអាចបត់បែនបានកាន់តែប្រសើរឡើង។

មីស៊ីលយុទ្ធសាស្ត្រ ដែលអាចផ្ទុកក្បាលគ្រាប់ទាំងធម្មតា និងនុយក្លេអ៊ែរ ត្រូវបានដាក់ឈ្មោះតាម លោក Ahmad Shah Abdali ស្ថាបនិកសតវត្សទី១៨ នៃប្រទេសអាហ្វហ្គានីស្ថានទំនើប ដែលបានដឹកនាំការឈ្លានពានជាច្រើននៃឧបទ្វីបឥណ្ឌា។

ជាមួយគ្នានេះ ប្រធានាធិបតីប៉ាគីស្ថាន លោក Asif Ali Zardari និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអបអរសាទរអ្នកវិទ្យាសាស្ត្រ វិស្វករ និងអ្នកនៅពីក្រោយការបាញ់សាកល្បងមីស៊ីលនេះប្រកបដោយជោគជ័យ។

ការបាញ់សាកល្បងមីស៊ីលផ្លោងនេះ កើតឡើងបីថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាននិយាយថា ផ្អែកតាមការស៊ើបការណ៍សម្ងាត់ឥណ្ឌាមានបំណងវាយប្រហារយោធាក្នុងរយៈពេលពី ២៤ ទៅ ៣៦ម៉ោង ដើម្បីឆ្លើយតបទៅនឹងការសម្លាប់ភ្ញៀវទេសចរប្រុសចំនួន ២៥នាក់ និងជនជាតិកាស្មៀរម្នាក់កាលពីខែមុន នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner