អាមេរិកលក់សេវាថែទាំយន្តហោះចម្បាំងដល់អ៊ុយក្រែន
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានកើបលុយអ៊ុយក្រែនដល់ទៅ ៣១០.៥ លានដុល្លារ សម្រាប់សេវាកម្មជួយគាំទ្រ និងបណ្តុះបណ្តាលថែទាំយន្តហោះចម្បាំង F-16 ដែលនេះជាសញ្ញាបន្តគាំទ្ររបស់អាមេរិកដល់ទីក្រុងកៀវ។

ការលក់នេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានស្នើសុំឧបករណ៍ និងសេវាកម្មគាំទ្រយន្តហោះចម្បាំង F-16 របស់ខ្លួន។ ប៉ុន្តែរឿងនេះ នៅតែត្រូវការការចុះហត្ថលេខាពីសភាអាមេរិក។

ការទិញគ្រឿងបរិក្ខារ និងកញ្ចប់សេវាកម្មនេះ មានដូចជាការកែលំអរ និងការធ្វើទំនើបកម្មយន្តហោះ ការបណ្តុះបណ្តាលបុគ្គលិកទាក់ទងនឹងប្រតិបត្តិការ ការថែទាំ និងការគាំទ្រនិរន្តរភាព រួមទាំងគ្រឿងបន្លាស់។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ការទិញកញ្ចប់សេវាកម្មនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសរបស់អ៊ុយក្រែនទប់ទល់ការគំរាមកំហែងទាំងពេលបច្ចុប្បន្ន និងអនាគត។
ពិសេសធានាថា អ្នកបើកយន្តហោះអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ទំនើបកម្មជារួមនៃកងទ័ពអាកាសអ៊ុយក្រែន។
ថ្មីៗនេះ អ៊ុយក្រែនទើបទទួលបានយន្តហោះចម្បាំង F-16 ក្នុងខែមីនា ឆ្នាំ២០២៥។ រីឯកាលពីខែមេសា អាមេរិកក៏បានប្រកាសដែរថា យន្តហោះចម្បាំងជាច្រើនទៀតកំពុងរៀបចំផ្ទេរទៅកាន់អ៊ុយក្រែន។
ប្រទេសជាច្រើន រួមមានបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវេស បានរួមចំណែកផ្តល់យន្តហោះ F-16 និងការហ្វឹកហ្វឺន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងការពារជាតិអ៊ុយក្រែន។ F-16 ត្រូវបានគេប្រើទាំងប្រតិបត្តិការវាយលុក និងការពារខ្លួន។
តួយ៉ាង យន្តហោះចម្បាំងនេះ គេប្រើស្ទាក់ចាប់កាំជ្រួច និងយន្តហោះដ្រូនរបស់រុស្ស៊ី អំឡុងពេលមានការវាយប្រហារពីលើអាកាសប្រឆាំងនឹងអ៊ុយក្រែន។ ពួកវាក៏ត្រូវបានគេដាក់ពង្រាយ ដើម្បីបាញ់កម្ទេចមីស៊ីល និងទីតាំងគ្រាប់បែករុស្ស៊ីនៅតាមសមរភូមិជួរមុខផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
