គណបក្សកាន់អំណាចសិង្ហបុរី PAP ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី
សិង្ហបុរី ៖ គណបក្សសកម្មភាពប្រជាជន (PAP) ដែលជាបក្សកាន់អំណាចរបស់លោក Lawrence Wong បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលលើកទី១៤ របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣ ខែឧសភានេះ។
គណបក្ស PAP របស់លោក Wong បានយកអាសនៈស្ទើរតែទាំងអស់ លើកលែងតែ ១០អាសនៈនៅក្នុងសភាឯកបក្សដែលមានសមាជិកចំនួន ៩៧រូប ជាមួយនឹងចំនួនសរុប ៦៥.៥៧ភាគរយនៃសម្លេងអ្នកបោះឆ្នោតជាង ២.៤លាននាក់ ដែលបានទៅបោះឆ្នោតកាលពីថ្ងៃសៅរ៍។
លោក Wong បានប្រាប់សន្និសីទសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការថា ប្រជាជនសិង្ហបុរីបានផ្តល់ឱ្យគណបក្ស PAP នូវអាណត្តិដ៏រឹងមាំមួយដើម្បីគ្រប់គ្រងប្រទេស។
លោក Wong បន្តថា លទ្ធផលនេះនឹងធ្វើឱ្យប្រទេសសិង្ហបុរីស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុន ដើម្បីប្រឈមមុខនឹងពិភពលោកដ៏ច្របូកច្របល់ ហើយលទ្ធផលនេះ គឺជាសញ្ញាច្បាស់លាស់ នៃការជឿទុកចិត្ត ស្ថិរភាព និងទំនុកចិត្តលើរដ្ឋាភិបាល។
ដោយទទួលបានប្រជាប្រិយភាពក្រោយដឹកនាំអង្គភាពប្រឆាំងកូវីដ១៩របស់សិង្ហបុរី លោក Wong បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២៤ ជំនួសលោក Lee Hsien Loong ដែលជាកូនប្រុសរបស់បិតាស្ថាបនិកសិង្ហបុរី លោក Lee Kuan Yew។
គួរបញ្ជាក់ថា ប្រហែល ៨២ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោត បានមកធ្វេីការបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលលើកទី ១៤របស់ប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី៣ ខែឧសភានេះ។ បើតាមនាយកដ្ឋានបោះឆ្នោតសិង្ហបុរី (ELD) ប្រជាជនសិង្ហបុរីចំនួន ២.១៦៤.៥៩៣នាក់បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ១.២៤០នៅទូទាំងប្រទេស៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា




