សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចេញមកសម្អាតផ្លូវជាតិ និង​រួមគ្នាបំផុសចលនា វេចខ្ចប់ និងទុកសំរាមឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អ្នកស្រឡាញ់បរិស្ថាន ក្នុងនោះមានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម សហការជាមួយរដ្ឋបាលរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចេញមកសម្អាតផ្លូវជាតិ ដោយជំរុញការចេះវេចខ្ចប់ និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមក្នុងសកម្មភាពក្នុង«ភាពស្អាត»យ៉ាងផុសផុលដូចនេះ គឺផ្តល់ប្រយោជន៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មានសុខភាពល្អ មូលដ្ឋានមានសោភ័ណភាព មានការអភិវឌ្ឍប្រកបដោយចីរភាព រង់ចាំស្វាគមន៍អ្នកទេសចរណ៍ និងអ្នកវិនិយោគទុន នៅក្នុងពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតនៅពេលខាងមុខនេះ តាមរយៈសកម្មភាព«ស្អាត» ស្អាតចេញពីបេះដូងខ្មែរ បញ្ឈប់ការបោះចោលសំរាម គ្មានការបំពុលដោយសំរាមនិងសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះ បានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោក។

រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាកា«ផ្លូវស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែង​ស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យ​សង្គមយើងស្អាត និងប្រទេសជាតិ មានបរិស្ថានស្អាត។

សូមបញ្ជាក់ថា ភាពស្អាតគឺជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្ត​ចក្រា​វិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្ត​តាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner