អាជ្ញាធរក្រុងកំពង់ឆ្នាំងជួសជុលផ្លូវក្រាលក្រួសក្រហមនៅមាត់ទន្លេ
កំពង់ឆ្នាំង ៖ផ្លូវក្រាលក្រួសក្រហមនៅមាត់ទន្លេ នៃភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានបើកការរដ្ឋានជួសជុលឡើងវិញក្រោមដោយប្រើប្រាស់គម្រោងថវិកាឃុំសង្កាត់ឆ្នាំ២០២៥។
លោក ហួន វ៉ន ចៅសង្កាត់ស្តីទីសង្កាត់ផ្សារឆ្នាំង និងមន្ត្រីបច្ចេកទេសខេត្តបានបញ្ជាក់ថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែនេះ នារដូវវស្សាមានការលិចដែលបង្កឱ្យមានការខូចខាតជារឿយៗ។ប៉ុន្តែផ្លូវនេះមានសារៈសំខាន់នៅរដូវប្រាំងសម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផលផ្សេងៗ ឆ្លងកាត់ទៅខេត្តកំពង់ចាម និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងមួយផ្នែកមកពីស្រុករលាប្អៀរ ។ដោយឡែកនៅរដូវវស្សា អ្នកភូមិនៅអមសងខាងផ្លូវនេះ ត្រូវធ្វើដំណើរដោយប្រើមធ្យោបាយតាមទូក កាណូត។ លោកបន្តថា ដោយមើលឃើញពីភាពចាំបាច់ និងផលលំបាក របស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរឃុំសម្រេចយកគម្រោងថវិកាឃុំសង្កាត់ មកស្ថាបនាជួសជុលផ្លូវនេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាបលរដ្ឋ ដោយមិនពិបាកឆ្លងទូកដរ ដូចពីមុនទៀតឡើយ។
សូមជម្រាបថា ផ្លូវដែលបើកការដ្ឋានស្ថាបនាជួសជុលនាមានប្រវែងជិតមួយម៉ែត្រ ,កម្ពស់ជាមធ្យម២ម៉ែត្រកន្លះ ខ្នងលើ៦ ម៉ែត្រ បាតក្រោម១១ម៉ែត្រកន្លះ និង ចំណាយថវិកាឃុំសង្កាត់ឆ្នាំ២០២៥ ចំនួនជាង៤០៩ លានរៀល៕
ដោយ៖សុខ គឹមសៀន