អភិបាលខេត្ត៖ ការចុះបញ្ជីដីធ្លី ជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
កំពង់ធំ៖ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជិត២ពាន់គ្រួសារ ក្នុងស្រុកបារាយណ៍។
ស្ថិតក្នុងបរិវេណវត្តត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ប្រជាពលរដ្ឋចំនួន ១.៩២៧គ្រួសារ មកពីភូiមចំនួន៤ រួមមាន ភូមិត្រពាំងជ្រៃ ភូមិតាភោគ ភូមិព្រៃស្រង៉ែ និងភូមិបល្ល័ង្ក បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥.៩៤១ បណ្ណ។
ឯកឧត្ដម នួន ផារ័ត្ន បានកោតសរសើរដល់មន្រ្តីនៃមន្ទីរជំនាញ និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំអនុវត្តនីតិវិធីចុះ បញ្ជីដីជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសិទ្ធិជាម្ចាស់ដីរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានបញ្ជាក់ថា សមិទ្ធផលនេះបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ។កាត់បន្ថយទំនាស់ និងជំរុញការរីកចម្រើននៃទីផ្សារដីធ្លី។
ឯកឧត្តមបញ្ជាក់ថា គោលនយោបាយចុះបញ្ជីដីទាំងនេះមិនត្រឹមតែធានាសិទ្ធិ និងផ្តល់ភាពច្បាស់លាស់នៃព្រំដីរវាងដីរដ្ឋ និងដីឯកជនទេ ប៉ុន្តែថែមទាំងអាចបង្កើនប្រាក់ចំណូលថវិការដ្ឋផងដែរ៕




ដោយ៖ប៊ុនរដ្ឋា