រដ្ឋសភាកម្ពុជា និង ឡាវ ប្តេជ្ញាបន្តថែររក្សាលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា ចាត់ទុកដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៩ឆ្នាំមកហើយ ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា កម្ពុជានិងឡាវ បានភ្ជាប់ទំនាក់ទំនងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងនៅគ្រប់កម្រិត។
រដ្ឋសភាកម្ពុជាពិតជាពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្តថែរក្សា លូតលាស់ និងរីកចម្រើនជាបន្តបន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មិនត្រឹមតែជាមោទនភាពសម្រាប់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភព នៃក្តីប្រាថ្នាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃផ្សេងទៀតផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាឡាវនៅកម្ពុជានាឱកាសនេះ អនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមនឹងជួបពិភាក្សាការងារជាមួយគណៈកម្មការទី៤រដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ឡាវ ព្រមទាំងត្រូវទស្សនកិច្ចស្វែងយល់នៅខេត្តព្រះសីហនុផងដែរ។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំ៥នាក់ ដល់មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជាក្នុងកម្រិតក្រោយឧត្តមសិក្សា។ អាហារូបករណ៍នេះ មានសារៈសំខាន់បំផុតនៅក្នុងការកសាងសមត្ថភាពមន្រ្តីរដ្ឋការរដ្ឋសភាឡាវ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ