សត្វ ឆ្មាដាវ ២ក្បាល ដែលពលរដ្ឋចាប់បានត្រូវបានដោះលែងឱ្យរស់នៅជម្រកព្រៃធម្មជាតិវិញ

(ភ្នំពេញ)៖ សត្វឆ្មាដាវចំនួន២ ក្បាលដែលជាសត្វដ៏កម្ររបស់ពិភពលោកយើងនេះ ដែលត្រូវបានប្រជាពលរដ្ឋចាប់បាននាកន្លងមក ពេលនេះត្រូវបានដោះលែងឱ្យទៅរស់នៅទីព្រៃធម្មជាតិវិញ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី៦ ខែឧសភា កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីដើម្បីប្រលែងសត្វឆ្មាដាវ ២ ក្បាលចូលព្រៃជម្រកធម្មជាតិវិញក្នុងទីតាំងគម្រោងឥណទានកាបូនរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់។

សត្វឆ្មាដាវទាំងពីរក្បាលនេះត្រូវបានប្រជាពលរដ្ឋចាប់បាននៅពេលដែលពួកគាត់ទៅចម្ការ ហើយបានប្រគល់ឱ្យក្រុមការងារស្រាវជ្រាវជីវចម្រុះនៃអង្គការជីវិតធម្មជាតិនិង មន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តរតនគិរីនាកន្លងមក។

គួរបញ្ជាក់ថាឆ្មាដាវនេះជាទូទៅ មានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។

ឆ្មាដាវ វាជាសត្វពូកែហែលទឹកណាស់ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។

សត្វដ៏កម្រប្រភេទនេះ តែងរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ និងរួមទាំងព្រមទាំងព្រៃដាំថ្មីផង។អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner