យន្តហោះចម្បាំងអាមេរិកតម្លៃ ៦០លានដុល្លារមួយគ្រឿងទៀត ធ្លាក់ពីនាវាចូលសមុទ្រ
វ៉ាស៊ីនតោន ៖ ជារឿងមិនគួរឱ្យជឿ និងកម្របំផុត យន្តហោះចម្បាំងអាមេរិកមានតម្លៃខ្ទង់ ៦០លានដុល្លារមួយគ្រឿងទៀត បានធ្លាក់ចេញពីនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman ចូលទៅក្នុងសមុទ្រក្រហម ដែលនេះគឺជាលើកទី២ហើយ គិតត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។
មន្រ្តីអាមេរិកដដែលបានឱ្យដឹងថា យន្តហោះចម្បាំង F-18 មួយគ្រឿង មិនអាចបង្អន់ល្បឿនឱ្យឈប់ស្ងៀមបាន ក្រោយពេលចុះចតនៅលើនាវាផ្ទុកយន្តហោះចម្បាំង Harry S Truman។
ភ្លាមៗ អាកាសយានិកពីរនាក់បានផ្តាច់កៅអីចេញពីយន្តហោះដោយជោគជ័យ មុនពេលយន្តហោះចម្បាំងនោះ ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ហើយបន្ទាប់មកពួកគេត្រូវបានសង្រ្គោះចេញពីក្នុងទឹកតាមឧទ្ធម្ភាគចក្រ។
ហេតុការណ៍ស្រដៀងគ្នានេះ ក៏ទើបតែកើតឡើងកាលពីសប្តាហ៍មុនផងដែរ ដោយយន្តហោះចម្បាំង F-18 មួយគ្រឿងផ្សេងទៀតបានរអិលធ្លាក់ពីនាវា Harry S Truman ចូលទៅក្នុងសមុទ្របាត់ ហើយករណីដំបូងនេះរាយការណ៍ដោយសារព័ត៌មាន CNN។
យន្តហោះចម្បាំង F-18 មួយគ្រឿងៗ មានតម្លៃខ្ទង់ ៦០លានដុល្លារ ឬថ្លៃជាងនេះ ហើយឧប្បត្តិហេតុដូចខាងលើ គឺជារឿងដ៏កម្រខ្លាំងណាស់។ ដូច្នេះការដែលឧប្បត្តិហេតុដូចគ្នាដល់ទៅពីរលើក កើតឡើងក្នុងចន្លោះពេលដ៏ខ្លីបែបនេះ នឹងនាំឱ្យមានការពិនិត្យពិច័យហ្មត់ចត់ឡើងវិញ ចំពោះការធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្តហោះចម្បាំង៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
