ខេត្តកំពង់ឆ្នាំង ជាខេត្តទី៦ ដែលបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសជា ខេត្តបញ្ចប់ ការ វាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងរៀបចំប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៣៩៦៦នាក់ក្នុងស្រុកចំនួន៤ គឺស្រុករលាប្អៀរ កំពង់ត្រឡាច សាមគ្គីមានជ័យនិងស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋដែលត្រូវទទួលបានបណ្ណកម្មសិទ្ធិដីធ្លី បានបង្ហាញពីក្តីរំភើបរីករាយដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ដែលបណ្ណនេះពិតជាមានសារៈសំខាន់បង្ហាញពីសិទ្ធិស្របច្បាប់ពេញលេញក្នុងការកាន់កាប់ដីធ្លី បញ្ចប់វិវាទដីធ្លី និងមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ គាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចាត់មន្ត្រីជំនាញ និងក្រុមយុវជនចុះយុទ្ធនាការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសនិងឈានដល់ការបញ្ចប់វិវាទដីធ្លីរួមជាមួយការដាក់ចេញនូវការផ្ដល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំមកនូវការផ្ដាំផ្ញើអបអរសាទរ និងសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកស្រលាញ់រាប់អានពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់នៅក្នុងការងារចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះមានប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណនិងកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្រុមយុវជននិងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមសហការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវ ។
ឯកឧត្តម អ៊ុក រ៉ាប៊ុន បានចាត់ទុកការពុះពារនិងការប្ដេជ្ញារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថាពិតជាបានបំផុសគំនិតដល់មន្ត្រីរាជការនិងប្រតិបត្តិករកិច្ចការសុរិយោដីទាំងអស់ ទាំងនៅក្នុងក្រសួងថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់ក្រោមជាតិ ឱ្យឈ្មុសឈ្មុលអនុវត្តមុខជំនាញរបស់ខ្លួនដោយស្មារតីមោះមុតប្រកបដោយការទទួលខុសត្រូវ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្នុងវិស័យសុរិយោដី ដែលផលជាវិជ្ជមានបានមកពីការចុះបញ្ជីបណ្ណកម្មសិទ្ធិ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះ មានលក្ខណៈអំណោយផលក្រៃលែងចំពោះម្ចាស់ដី ពីព្រោះបណ្ណកម្មសិទ្ធិដីធ្លីនេះមានប្រយោជន៍ណាស់ គឺផ្ដល់សន្តិសុខផ្លូវចិត្តដោយសារមានការធានាច្បាស់លាស់ពីរដ្ឋ ថាដីធ្លីរបស់ខ្លួនមានលក្ខណៈស្របច្បាប់ពិតប្រាកដ និងអាចចាត់ចែងបានតាមការសម្រេចរបស់ខ្លួនជាម្ចាស់ដី, កាត់បន្ថយបាននូវទំនាស់ដីធ្លី និងជាទ្រព្យដ៏មានតម្លៃសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិផងដែរ ៕
ដោយ / គ្រី សម្បត្តិ








